ថ្ងៃទី៥ខែសីហា អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃធនាគារប្រជាជនចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីបញ្ហាអត្រាប្តូរប្រាក់យាន់ចិនជាមួយប្រាក់ដុល្លារអាមេរិក ។
អំពីបញ្ហាថាតើហេតុអ្វីបានជាអត្រាប្តូរប្រាក់រវាងប្រាក់យាន់ចិនជាមួយប្រាក់ដុល្លារអាមេរិកបានធ្លាក់ដល់លើសពី៧យាន់ក្នុង១ដុល្លារអាមេរិក អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃធនាគារប្រជាជនចិនបានថ្លែងថា ដោយសារបានរងផលប៉ះពាល់ពីវិធានការឯកតោភាគីនិយមនិងគាំពារនិយមផ្នែកពាណិជ្ជកម្ម ព្រមនិងការប៉ាន់ប្រមាណស្តីពីអាមេរិកដំឡើងពន្ធគយចំពោះប្រទេសចិន បានជានៅថ្ងៃទី៥ខែសីហា អត្រាប្តូរប្រាក់យាន់ចិនជាមួយដុល្លារអាមេរិកមានការធ្លាក់ចុះដល់លើសពី៧យាន់ក្នុង១ដុល្លារអាមេរិក ប៉ុន្តែ អត្រាប្តូរប្រាក់យាន់ចិនជាមួយរូបិយប័ណ្ណផ្សេងទៀតបន្តរក្សាភាពនឹងនរនិងសន្ទុះខ្លាំងដដែល នេះគឺជាការឆ្លុះបញ្ចាំងនូវការផ្គត់ផ្គង់និងតម្រូវការក្នុងទីផ្សារនិងភាពឡើងចុះនៃទីផ្សាររូបិយប័ណ្ណអន្តរជាតិ។
ទោះបីជាពេលកន្លងទៅថ្មីៗនេះ អត្រាប្តូរប្រាក់រវាងប្រាក់យាន់ចិនជាមួយដុល្លារអាមេរិកមានការធ្លាក់ចុះខ្លះក៏ដោយ ក៏ប៉ុន្តែ បើមើលពីប្រវត្តិសាស្រ្ត ប្រាក់យាន់ចិនគឺបានឡើងថ្លៃជាទូទៅ ប្រាក់យាន់ចិននៅតែជារូបិយវត្ថុដែលមានសន្ទុះខ្លាំងក្លាបំផុតក្នុងចំណោមរូបិយវត្ថុអន្តរជាតិសំខាន់ៗ ៕
អ្នកបកប្រែ:Zheng Lei