ប្រសិនបើតែងតែមិនអាចទុកចិត្តបាន នោះការចរចាក៏មិនអាចទទួលបានលទ្ធផលល្អប្រសើរនោះទេ

2019-08-05 18:39:53 |ប្រភព:CRI

ពេលថ្មី​ៗកន្លងទៅនេះ​ ភាគីអាមេរិក​បានថ្លែងថា​ នឹងមាន​ផែនការ​ដំឡើង​ពន្ធគយ១០​ភាគរយ​ចំពោះ​ទំនិញចិន​ដែលនាំចូល​ទីផ្សារ​សហរដ្ឋអាមេរិក​ក្នុង​ទំហំទឹកប្រាក់​៣សែន​លាន​ដុល្លារអាមេរិក​ចាប់ពី​ថ្ងៃទី១ខែ​កញ្ញាខាង​មុខនេះ ។ ​ព្រមពេល​ជាមួយគ្នានេះ ​ក៏ថ្លែង​ទៀត​ថា អាមេរិក​រំពឹងទុកថា ​នឹងធ្វើ​ការចរចា​វិជ្ជមានអំពី​ការឈានដល់​កិច្ចព្រមព្រៀង​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​គ្រប់ជ្រុងជ្រោយ​ជាមួយ​ភាគីចិន​ផងដែរ ​។ ភាគី​អាមេរិក​ធ្វើទង្វើ​មិនគួរ​ទុកចិត្ត​និងល្មើស​មតិឯកភាព​នៃជំនួបពិភាក្សា​ការងារ​ក្រុងអូសាកា​រវាងមេដឹកនាំ​ប្រទេស​ទាំងពីរចិន​និងអាមេរិកផង ​ហើយ​រំពឹងទុកថា ​​ធ្វើការចរចា​ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរផង ​គំនិត​របស់​ភាគីអាមេរិក​នេះ​ពិតជា​គួរធ្វើឱ្យគេ​ឆ្ងល់ខ្លាំង​ណាស់​ ។ ​ភាពស្មោះត្រង់​ជាមូលដ្ឋាន​នៃការចរចា​ ឧទាហរណ៍ថា​ អ្នកចូលរួម​ការចរចាម្នាក់​ដែល​តែងតែ​ប្រែប្រួល​ នឹង​ធ្វើឱ្យគេ​ទុកចិត្ត​បាន​យ៉ាង​ដូចម្តេច?

ក្នុងរយៈពេល​មួយឆ្នាំកន្លង​ទៅនេះ ​ភាគីចិន​តែងតែ​ឈរលើ​មូលដ្ឋាន​ស្មោះត្រង់​ ​និងធ្វើ​ការពិគ្រោះ​ពិភាក្សា​ជាមួយ​ភាគីអាមេរិក​ដោយ​ភាពស្មោះត្រង់​ ហើយ​ទទួលបាន​ការវិវឌ្ឍធំណាស់​ ។ ប៉ុន្តែ​ ដោយសារ​ភាគីអាមេរិក​ល្មើសនឹង​មតិឯកភាពគ្នា​បួនលើក ​មិនអាច​ទុកចិត្ត​បានទេ​ ដូច្នេះ​ ការពិគ្រោះ​ពិភាក្សា​បានជួបនឹង​ឧបសគ្គ​ជាច្រើន ។

កាលពី​ខែកុម្ភៈ​ឆ្នាំ២០១៨ ​ភាគីទាំងពីរ​ចិននិង​សហរដ្ឋអាមេរិក​បាន​ឈានដល់​មតិឯកភាព​គ្នាជាគ្រា​ដំបូងអំពី​ការពង្រីក​ការនាំចូល​កសិផល​និង​ផលិតផល​ថាមពល​ពីអាមេរិក​ជាដើម ​។ ប៉ុន្តែ​កាលពី​ខែមីនា​ឆ្នាំ២០១៨ ​ភាគីអាមេរិក​បាន​បញ្ចេញ​របាយការណ៍​ស្តីពី​ការត្រួតពិនិត្យ​លេខ៣០១​ចំពោះ​ប្រទេសចិន​ ហើយ​ប្រកាសថា ​នឹងដំឡើង​ពន្ធគយ​២៥ភាគរយ​ចំពោះ​ទំនិញចិន​ដែលនាំចូល​ទីផ្សារ​សហរដ្ឋអាមេរិក​ក្នុង​ទំហំ​ទឹកប្រាក់​៥ម៉ឺនលាន​ដុល្លារអាមេរិក ។

កាលពី​ថ្ងៃទី១៩​ខែឧសភា​ឆ្នាំ២០១៨​ ភាគីទាំងពីរ​ចិននិង​សហរដ្ឋអាមេរិក​បាន​ប្រកាស​សេចក្តី​ថ្លែងការណ៍រួម​មួយថា ​បាន​ឈានដល់​មតិឯកភាពគ្នា​អំពី​ការមិនធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយគ្នា​ទៀត​នោះទេ ​។ ប៉ុន្តែ១០ថ្ងៃ​ក្រោយមក​ សេតវិមាន​ក៏បាន​លះបង់ចោល​សេចក្តី​ថ្លែងការណ៍​រួមនោះ​ ដោយ​ប្រកាសថា ​នឹងបន្តជំរុញ​ផែនការ​ដំឡើង​ពន្ធគយ​តទៅទៀត ។

កាលពី​ថ្ងៃទី ​១ ​ខែធ្នូ ​ឆ្នាំ ​២០១៨ ​កិច្ចសន្ទនា​រវាង​ប្រមុខរដ្ឋ​ចិន​និង​សហរដ្ឋអាមេរិក​នៅ អាហ្សង់ទីន​បាន​ឈានដល់​គំនិតឯកភាពគ្នា​ដ៏​សំខាន់​ដោយ​បាន​យល់ព្រម​បញ្ឈប់​ការ​ដំឡើង​ពន្ធគយ​ថ្មី​លើ​គ្នា​ទៅវិញ​ទៅមក​ ហើយ​ភាគីទាំងពីរ​បាន​ប្រើ​រយៈពេល​ ​៩០ ថ្ងៃ​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​ដើម្បី​ខិតខំ​ប្រឹងប្រែង​សម្រាប់​ឆ្ពោះទៅ​រក​ទិសដៅនៃ​ការ​លុបបំបាត់​ការ​ដំឡើង​ពន្ធគយ​ទាំងអស់។​ទីបំផុត ​ក្រុម​ការងារ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៃ​ភាគី​ទាំង​ពីរ​បាន​ចំណាយ​ពេល​ធ្វើ​ការពិគ្រោះ​ពិភាក្សា​និង​បាន​ឈានដល់​គំនិតឯកភាពគ្នា​លើ​បញ្ហា​ជា​ច្រើន។​ទោះជា​យ៉ាងណា​ក៏ដោយ ​ភាគីអាមេរិក​បាន​បន្ត​បង្កើន​តម្លៃ​នៃ​កិច្ចចរចា​ឥត​ឈប់​ឈរ ​ហើយ​បាន​ដំឡើងយក​អត្រា​ពន្ធគយ​ទៅលើ​ផលិតផល​ចិន​ដែល​នាំចូល​ទីផ្សារ​អាមេរិក​ក្នុង​ទឹក​ប្រាក់​ ២​ សែនលាន​ដុល្លារ​អាមេរិក ​ពោលគឺ ១០ ​ភាគរយ​ទៅដល់​ ២៥​ ភាគ​រយ​កាលពី​ថៃ្ងទី​ ១០​ ខែឧសភា​នៅ​ឆ្នាំនេះ​ដែល​ធ្វើឱ្យ​ដំណើរការ​នៃ​ការពិគ្រោះពិភាក្សា​ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ត្រូវ​រាំងស្ទះ។​

ក្នុង​ជំនួប​នៅ​ក្រុងអូសាកា​កាលពី​ថ្ងៃទី ​២៩ ​ខែមិថុនា ​ឆ្នាំ ​២០១៩ ​ប្រមុខរដ្ឋ​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​បាន​ឈានដល់​គំនិតឯកភាពគ្នា​ដោយ​បាន​យល់ព្រម​ដំណើរការ​ឡើងវិញ​នូវ​កិច្ចពិគ្រោះពិភាក្សា​ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដោយ​ឈរលើ​មូលដ្ឋាន​ស្មើភាព​និង​គោរពគ្នា​ទៅវិញ​ទៅមក។​ភាគីអាមេរិក​សន្យាថា ​លែង​ដំឡើង​ពន្ធគយ​ថ្មី​ទៅលើ​ផលិតផល​នាំចូល​ពី​ប្រទេសចិន​ទៀតហើយ។​បន្ទាប់ពី​បញ្ចប់​កិច្ចពិគ្រោះពិភាក្សា​ជាន់ខ្ពស់​ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក ​វគ្គទី ​១២ ​ភាគីទាំងពីរ​បាន​ចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​ពីគ្នា​និង​បាន​ឯកភាពគ្នា​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​ ហើយ​បាន​យល់ព្រម​នឹង​បើក​កិច្ចពិគ្រោះ​ពិភាក្សា​វគ្គបន្ទាប់​នៅ​សហរដ្ឋអាមេរិក​នៅ​ខែ​កញ្ញា​ខាងមុខនេះ។​ទោះជា​យ៉ាងណា​ក៏ដោយ ​ត្រឹមតែ​រយៈពេល​ជាង ​៣០ ​ម៉ោង​ប៉ុណ្ណោះ ​ភាគីអាមេរិក​បាន​ក្រឡាស់​ភ្លាមៗ​ម្តងទៀត ​ដែល​ធ្វើឱ្យ​កិច្ចពិគ្រោះ​ពិភាក្សា​ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ងាក​ចេញពី​ផ្លូវ​ត្រឹមត្រូវ​ឡើង​វិញ​ម្តងទៀត។​

គេអាច​មើលឃើញ​ថា ​អាមេរិក​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​កិច្ចពិគ្រោះ​ពិភាក្សា​ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ដែល​ត្រូវបាន​ឆ្លងកាត់​ក្តីលំបាក​និង​ការ​បត់​បែន​ជាច្រើនលើក។​កិច្ចចរចា​តែងតែ​ជា​បញ្ហា​របស់​ភាគី​ទាំងសងខាង ​ប្រសិនបើ​ចង់​ឈាន​ដល់​កិច្ចព្រមព្រៀង ​នោះ ​ភាគីទាំងពីរ​ចាំបាច់​ត្រូវ​បង្ហាញ​នូវ​អាកប្បកិរិយា​ដែល​ដើរ​ស្រប​តាម​ទិសដៅ​តែមួយ​ជា​មួយគ្នា។​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក​នេះ ​ប្រទេសចិន​តែង​តែ​អនុវត្ត​យ៉ាង​សកម្មនូវ​គំនិតឯកភាពគ្នា​ក្នុង​អំឡុងពេល​នៃ​ដំណើរការ​កិច្ចពិគ្រោះពិភាក្សា​និង​អាច​ជឿទុកចិត្ត​បាន។​ភាគីអាមេរិក​តែងតែ​ក្រឡាស់​ភ្លាមៗ​និង​មិន​អាច​ជឿទុកចិត្ត​បាន​ទេ​ដែល​ធ្វើឱ្យ​កិច្ចពិគ្រោះពិភាក្សា​ត្រូវ​រាំងស្ទះ​ម្តងហើយ​ម្តងទៀត ​ហើយ​ធ្វើឱ្យ​សហគមន៍​អន្តរជាតិ​មាន​ការ​ភ្ញាក់ផ្អើល។

អ្នក​នយោបាយមួយ​ចំនួន​នៃ​ប្រទេស​អាមេរិក​បាន​ធ្វើ​ឱ្យ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ទៅ​ជា​បញ្ហា​នយោបាយ​ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ​និង​បាន​ប្រើ​ប្រាស់​អ្វី​ដែល​ហៅ​ថា​សិល្បៈនៃ​ការ​ធ្វើ​ជំនួញ​ក្នុង​ការ​ទាក់​ទង​ប្រាស្រ័យគ្នា​រវាង​ប្រទេស​ ​ពួក​គេ​បាន​ល្មើស​នឹងមតិឯកភាព​ដែល​បាន​ឈានដល់​នៃ​ការ​ពិគ្រោះពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ម្តងហើយ​ម្តង​ទៀត ​និង​បង្ខូច​កិត្តិយស​អាមេរិក​ម្តង​ហើយ​ម្តង​ទៀត ​ប្រការ​ទាំង​អស់​នេះ​បាន​បង្ក​ភាព​លំបាក​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​ចរចា​ដែល​ផ្ទុយពី​ការចង់បាន​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ។ពេល​បច្ចុប្បន្ន​នេះ ​សមាគម​ឧស្សាហកម្ម​ជា​ច្រើន​នៃ​ប្រទេស​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​សម្តែង​ការ​ប្រឆាំង​ចំពោះ​សេតវិមាន​អាមេរិក​លើ​ការបន្ថែម​យក​ពន្ធគយ​ទៅ​លើ​ទំនិញ​នាំចេញ​របស់​ចិន​ទៅ​កាន់​អាមេរិក​ ​ដោយបាន​ថ្លែង​ថា ​ការ​ធ្វើ​យ៉ាង​នេះ​នឹង​ធ្វើ​ឱ្យកសិករ​ ​កម្មករ​និង​អ្នក​ប្រើប្រាស់​អាមេរិក​រង​នូវការ​ខាតបង់​កាន់តែ​ច្រើន។​ក្រុមប្រឹក្សា​ជាតិ​ស្តីពីពាណិជ្ជកម្ម​ជា​មួយ​ចិន​នៃ​អាមេរិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បន្ថែម​ពន្ធ​នេះ​នឹង​ធ្វើ​ឱ្យ​ខូច​នូវ​កិត្តិយស​របស់​អាមេរិក​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ដែល​អាច​ទុក​ចិត្ត​បាន។

ភាគី​ចិន​បាន​យល់​ឃើញ​ជា​និច្ច​ថា ​ការ​បន្ថែម​យក​ពន្ធគយ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ទេ ​ហើយ​មាន​តែ​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​តាម​រយៈ​ការ​ពិគ្រោះពិភាក្សា។ភាគី​ចិន​មិន​ខ្លាច​ការ​ដាក់​សម្ពាធ​និង​ការ​គំរាមកំហែង​ណា​មួយ​ទេ ​ហើយ​ក៏​បាន​ត្រៀម​ខ្លួនដោយ​គ្រប់ជ្រុងជ្រោយ​រួច​ហើយ​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​ទាំង​អស់។​ប្រសិន​បើ​អាមេរិក​ទទូចអនុវត្ត​វិធានការ​បន្ថែម​យក​ពន្ធគយ​តទៅ​ទៀត ​នោះ​ ប្រទេស​ចិន​នឹង​ត្រូវ​បង្ខំ​ប្រើ​ប្រាស់វិធានការ​តប​ត​ដ៏​ចាំបាច់​ដើម្បី​ការពារ​ផលប្រយោជន៍​ជា​ស្នូល​របស់​ជាតិ​និង​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រជាជន។​បើ​មនុស្ស​មួយ​ចំនួន​នៃ​អាមេរិក​តែងតែ​មិន​គោរព​កិច្ច​សន្យា​របស់​ខ្លួន​ ​នោះ​ ​មិនថា​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​យ៉ាង​ណា​ក៏​មុខជា​មិន​អាច​ទទួល​លទ្ធផល​នោះ​ទេ។

 

អ្នកបកប្រែ:Sun Lingling