លោក Liuhe ឧបនាយករដ្ឋមន្រ្តីចិនបានថ្លែងអំឡុងពេលអញ្ជើញចូលរួមពិព័រណ៍ឧស្សាហកម្មឆ្លាតវៃចិនអន្តរជាតិលើកទី ២ នៅក្រុងឆុងឈីង កាលពីថ្ងៃទី ២៦ ខែសីហា ថា ប្រទេសចិនស្វាគមន៍ចំពោះវិនិយោគិនមកពីបណ្តាប្រទេសនានាលើពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងសម្រាប់ការមកវិនិយោគនិងធ្វើអាជីវកម្មនៅក្នុងប្រទេសចិន ហើយនឹងបន្តបង្កើតបរិយាកាសវិនិយោគដ៏ល្អប្រសើរនិងការការពារកម្មសិទ្ធិបញ្ញាផងដែរ។ភាគីចិននឹងប្រកាន់ខ្ជាប់នូវការជំរុញការអភិវឌ្ឍឧស្សាហកម្មឆ្លាតវៃក្រោមលក្ខខណ្ឌបើកទូលាយ ក៏ដូចជាប្រកាន់ខ្ជាប់នូវការប្រឆាំងនឹងការរារាំងផ្នែកបច្ចេកវិទ្យានិងការការពារនិយមព្រមទាំងខិតខំប្រឹងប្រែងដើម្បីការពារភាពសុចរិតនៃខ្សែសង្វាក់នៃឧស្សាហកម្ម។ប្រទេសចិនមានឆន្ទៈក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ចពិគ្រោះពិភាក្សានិងកិច្ចសហប្រតិបត្តិការដោយកាន់ឥរិយាបថស្ងប់ស្ងាត់និងប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្កើនសង្គ្រាមពាណិជ្ជកម្ម។ភាគីចិនជឿជាក់ថា ការបង្កើនសង្គ្រាមពាណិជ្ជកម្ម គឺ មិនអំណោយផលដល់ប្រទេសចិននិងសហរដ្ឋអាមេរិកនោះទេ ហើយក៏មិនអំណោយផលដល់ប្រជាជនទូទាំងពិភពលោកឡើយ៕