កាលពីថ្ងៃទី ២៦ ខែកញ្ញា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុបានអញ្ជើញយាងទតពិព័រណ៍សមិទ្ធផលទ្រង់ទ្រាយធំដើម្បីអបអរសាទរខួបគម្រប់ ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្រោមប្រធានបទដំណើរដ៏មហិមា សមិទ្ធផលដ៏រុងរឿងនៅសាលពិព័រណ៍ក្រុងប៉េកាំង ។
បន្ទាប់ពីយាងទត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានមានព្រះរាជបន្ទូលថា យើងខ្ញុំមានសេចក្តីរីករាយនិងមានសេចក្តីរំភើបយ៉ាងក្រៃលែងដោយមានភ័ព្វសំណាងបានមកទស្សនាពិព័រណ៍ដ៏សំខាន់និងដ៏ល្អបំផុតបង្ហាញអំពីសមិទ្ធផលដ៏ធំធេងសម្បើមមហាអស្ចា្យនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ។ ប្រទេសកម្ពុជានិងប្រជាជនកម្ពុជាសូមសម្តែងនូវសេចក្តីកោតសរសើជូនចំពោះសាធារណរដ្ឋប្រជាមានិតចិនដែលបានទទួលនូវមហាជោគជ័យ រីកចម្រើន លូតលាស់ ជឿនលឿនលើគ្រប់វិស័យក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកក្រោមការដឹកនាំដ៏ភ្លឺស្វាង ដ៏មហាអស្ចា្យរបស់ឯកឧត្តមប្រធានម៉ៅសេទុង ឯកឧត្តមប្រធានតេងស៊ៀវភីង ឯកឧត្តមប្រធានជាំងហ្សឺមីង ឯកឧត្តមប្រធានហ៊ូជីនថាវ និងឯកឧត្តមប្រធានស៊ីជីនភីង ។ យើងខ្ញុំកម្ពុជាសូមជូនពរមហាប្រជាជនចិន ជាបងប្អូន សូមបានទទួលនូវសេចក្តីរុងរឿង ចម្រុងចម្រើន ថ្កុំថ្កើង សម្បូរសប្បាយជារៀងរហូត ។
សម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរបានមានព្រះបន្ឬូលថា ខ្ញុំសប្បាយហរទ័យណាស់ដែលបានមើលឃើញការលូតលាស់ជាច្រើននៅគ្រប់វិស័យទាំងអស់បើប្រៀបធៀបនឹងឆ្នាំ ១៩៥៨ ដែលទូលបង្គុំខ្ញុំបានមកប្រទេសចិនជាលើកដំបូង ។ ពាក្យខ្មែរនិយាយថា ខុសគ្នាដូចមេឃនិងដី ប្រទេសចិន ៧០ ឆ្នាំមុននិង ៧០ ឆ្នាំក្រោយគឺខុសគ្នាដូចមេឃនិងដី ។ ខ្ញុំសូមជូនពរប្រទេសចិនបានថ្កុំថ្កើងរុងរឿងតទៅទៀត ជូនពរប្រជាជនចិនមានសុភមង្គល បានជោគជ័យ សិរីសួស្តី រីកចម្រើនគ្រប់វិស័យទាំងអស់ ។
លោកLuo Zhaohui អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោកRenZhiwu អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍនិងកំណែទម្រង់ប្រទេសចិនជាដើមបានអមដំណើរការយាងទតពិព័រណ៍លើកនេះ ៕
អ្នកបកប្រែ:Xu Xiaoxia