លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសំបុត្រឆ្លើយតបនឹងក្រុមមនុស្សចាស់ជរាចូលនិវត្តន៍នៅម៉ាកាវ

2019-10-08 17:55:33 |ប្រភព:CRI

ក្នុង​ខណៈពេល​ដែល​ទិវា​មនុស្ស​ចាស់ដែល​ជា​ថ្ងៃ​បុណ្យ​ប្រពៃណី​ចិន​ជិត​ចូល​មក​ដល់ លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ផ្ញើ​សំបុត្រ​ឆ្លើយ​តប​នឹង​ក្រុម​មនុស្ស​ចាស់​ជរា​ចំនួន​៣០​រូប​នៃ​មណ្ឌល​ចាស់​ជរាYijunនៃ​សមាគមអ្នក​ជិត​ខាង​ម៉ាកាវ​កាល​ពី​ថ្ងៃ​ទី​៦​ខែ​តុលា ដើម្បី​សម្តែង​ការ​សួរ​សុខ​ទុក្ខ​និង​លើក​ទឹក​ចិត្ត​យ៉ាង​ស្និទ្ធ​ស្នាល​ចំពោះ​ពួក​គាត់ ព្រម​ទាំង​ជូន​ពរ​មនុស្ស​ចាស់​គ្រប់​រូប​នៅ​ទូទាំង​ប្រទេស​ចិន​ឱ្យ​មាន​សុខភាព​ល្អ​បរិបូរណ៍ មាន​អាយុ​យឺន​យូរ​និង​មាន​ជីវភាព​ប្រកប​ដោយ​សុភមង្គល ។

ថ្លែងក្នុង​សំបុត្រ​ឆ្លើយ​តប លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា អ្នក​ទាំង​អស់​គ្នាជា​សាក្សី​នៃ​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ក្លា​របស់​ប្រទេស​ជាតិ​ក្នុង​រយៈពេល​រាប់​សិប​ឆ្នាំ​កន្លង​មក ដែល​បាន​មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​អនុវត្ត​ដោយ​ជោគជ័យ​នូវ​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរនៅ​ម៉ាកាវ ។ អ្នក​ទាំង​អស់​គ្នា​បាន​និយាយក្នុង​សំបុត្រ​ថា ខ្លួន​មាន​មោទនភាព​ណាស់​ដែល​កើត​មក​ជា​ជនជាតិ​ចិន ខ្ញុំ​ជឿ​ជាក់​ថា នេះ​ក៏​ជា​ទឹក​ចិត្ត​​របស់​ជន​រួម​ជាតិ​ម៉ាកាវ​ទាំង​ឡាយ​ដែរ ។ រំពឹង​ថា អ្នក​ទាំង​អស់​គ្នា​អាច​បន្ត​រួម​ចំណែក​របស់​ខ្លួន លើក​ទឹក​ចិត្ត​ដល់​យុវជន​ម៉ាកាវ​ឱ្យ​បន្ត​វេន​នូវ​ស្មារតី​ស្នេហាជាតិ​និង​ស្នេហា​ម៉ាកាវ ដើម្បី​រួម​គ្នា​កសាង​ម៉ាកាវ​ឱ្យ​កាន់​តែ​ល្អ​បវរ ។

គួរ​រំលឹក​ថា មណ្ឌល​ចាស់​ជរា​Yijunនៃ​សមាគមអ្នក​ជិត​ខាង​ម៉ាកាវ​គឺ​ជាគ្រឹះ​ស្ថាន​មួយ​ដែល​ផ្តល់​សេវា​ជំនាញ​ដល់​មនុស្ស​ចាស់ជរា។ ពេល​ថ្មីៗ​នេះ មនុស្ស​ចាស់​ជរា​៣០​រូប​នៃ​គ្រឹះ​ស្ថាន​នេះបាន​សរសេរ​សំបុត្រ​ជូន​លោក​ស៊ីជីនភីង ដើម្បី​រៀប​រាប់​នូវ​ការ​អភិវឌ្ឍនិង​បម្រែ​បម្រួល​បន្ទាប់​ពី​ម៉ាកាវ​វិល​ត្រឡប់​ចូល​មាតុប្រទេស​ចិន​វិញ ក៏​ដូច​ជា​បាន​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​ខ្លួន​ស្តីពី​មោទនភាព​ដែល​កើត​មក​ជា​ជនជាតិចិន​និង​ការ​បេ្តជ្ញាចិត្ត​ក្នុង​ការ​បន្ត​ផ្សព្វ​ផ្សាយ​នូវ​ស្មារតី​ស្នេហា​ជាតិ​និង​ស្នេហាម៉ាកាវឱ្យ​បាន​ល្អផង​ដែរ ៕

 

អ្នកបកប្រែ:Zheng Lei