ថ្ងៃទី ២៩ ខែតុលា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារលិខិតថ្វាយព្រះពរចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបគម្រប់១៥ឆ្នាំនៃព្រះរាជពិធីយាងគ្រងព្រះរាជ្យសម្បត្តិរបស់ទ្រង់។
ថ្លែងក្នុងសារលិខិត លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា តាំងពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានយាងគ្រងព្រះរាជ្យសម្បតិ្តមក ព្រះអង្គបានព្រះវិភាគទានយ៉ាងសំខាន់ក្នុងការគាំពារសាមគ្គីភាពជនជាតិ និងជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ ដោយទទួលបានការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាជនខ្មែរ ។
តាំងពីប្រទេសចិននិងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាង៦០ឆ្នាំមក ជានិច្ចកាលប្រជាជននៃប្រទេសទាំងពីរតែងតែរួមសុខរួមទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមក បង្កើតជាចំណងមិត្តភាពយ៉ាងជ្រាលជ្រៅ ។ ក្នុងបរិបទប្រវតិ្តសាស្ត្រថ្មី ខ្លួនទូលបង្គំផ្ទាល់រីករាយធ្វើការខិតខំប្រឹងប្រែងជាមួយព្រះអង្គ ក្នុងន័យបន្តវេនមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា លើកកម្ពស់កម្រិតសហប្រតិបតិ្តការយុទ្ធសាស្ត្រ ដើម្បីជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាឱ្យទទួលបានសមិទ្ធផលថ្មីៗឥតឈប់ឈរ ក្នុងន័យផ្តល់ផលប្រយោជន៍និងសុខសុភមង្គលជូនដល់ប្រជាជននិងប្រទេសទាំងពីរ ៕
អ្នកបកប្រែ:Guo Xiangqing