ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានមុនពេលបើកធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ២ លោក Wu Guoquan ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិបានធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពកាន់តែជិតស្និទ្ធ ។
ប្រទេសកម្ពុជាជាប្រទេសកិត្តិយសមួយនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ ។ កាលពីឆ្នាំ២០១៨ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាបានដឹកនាំសហគ្រាសចំនួន ១៣ ចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង ដើម្បីនាំយកផលិតផលពិសេសគ្រប់ប្រភេទរបស់កម្ពុជាទៅកាន់ពិភពលោក ដូចជាអង្ក ស្វាយចន្ទី ម្រេចនិងស្ករត្នោតជាដើម ។ ជាមួយគ្នានេះបានផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពលនៃវិស័យទេសចរណ៍ ពាណិជ្ជកម្មនិងការវិនិយោគរបស់កម្ពុជា ហើយទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ ។
លោកWu Guoquan បានថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងបានធ្វើឱ្យរាជរដ្ឋាភិបាលនិងសហគ្រាសកម្ពុជាកាន់តែយល់ច្បាស់ថា មានឱកាសពាណិជ្ជកម្មជាច្រើនក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ។ កាលពីខែមេសាឆ្នាំ២០១៩នេះ កម្ពុជាបានក្លាយជាប្រទេសទីមួយដែលបានចុះហត្ថលេខាលើផែនការសកម្មភាពបង្កើតសហគមន៍រួមវាសនាជាមួយចិន ។ ទំនាក់ទំនងរវាងប្រទេសទាំងពីររពេញទៅដោយកម្លាំងរស់រវើកជាបន្តបន្ទាប់ក្នុងសភាពការណ៍ថ្មី ។ លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាច្បាស់ជានឹងចារទំព័រថ្មីនៅលើពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី២ជាមិនខាន ។
អ្នកបកប្រែ:Li Qingli
ប្រភពរូបថត៖ Yu Jiangning