អនុវេទិកានៃវេទិកាសេដ្ឋកិច្ចអន្តរជាតិHongqiaoលើកទី២ក្រោមប្រធានបទស្តីពីការអភិវឌ្ឍនៃប្រទេសចិនរយៈពេល៧០ឆ្នាំនិងសហគមន៍រួមវាសនានៃមនុស្សជាតិបានធ្វើឡើងនៅទីក្រុងសៀងហៃកាលពីថ្ងៃទី៥ខែវិច្ឆិកា។លោក HuangKunmingសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជារដ្ឋមន្រ្តីនៃក្រសួងឃោសនាការចិនបានចូលរួមពិធីសម្ពោធបើកហើយបានថ្លែងសុន្ទរកថាក្រោមប្រធានបទស្តីពីរួមគ្នាចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍនិងគ្រប់គ្រង ដើម្បីស្វែងរកអនាគតដ៏ល្អប្រសើរដែលប្រកបដោយសុភមង្គល។
លោក HuangKunmingបានថ្លែងថា សុន្ទរកថាគន្លឹះរបស់លោកស៊ីជីនភីងប្រធានរដ្ឋចិនក្នុងពិធីសម្ពោធបើកនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី២បានបង្ហាញឱ្យឃើញនូវជំនឿទុកចិត្តនិងការប្តេជ្ញាចិត្តរបស់ប្រទេសចិនអំពីការបន្តពង្រីកការបើកទូលាយ ហើយក៏បង្ហាញពីទំនួលខុសត្រូវនិងការរ៉ាប់រង់របស់ប្រទេសចិនក្នុងការរួមគ្នាកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយរួមជាមួយសហគមន៍អន្តរជាតិក៏ដូចជាបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។
លោកបន្តថា សាធារណរដ្ឋប្រជាមានិតចិនបានបង្កើតឡើងគម្រប់៧០ឆ្នាំ បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនបង្កើតប្រព័ន្ធជាតិបែបថ្មីដែលមានប្រជាជនរាប់រយលាននាក់ធ្វើជាម្ចាស់ បានដើរតាមមាគ៌ានៃបុព្វហេតុកសាងទំនើបភាវូបនីយកម្មប្រកបដោយលក្ខណៈពិសេសចិន។ប្រទេសចិនបានធ្វើសមាហរណកម្មទៅក្នុងពិភពលោក ខណៈកំពុងអភិវឌ្ឍខ្លួនឯងក៏បានផ្តល់កាលានុវត្តភាពកាន់តែច្រើននិងកម្លាំងចលករកាន់តែខ្លាំងក្លាដល់ការអភិវឌ្ឍនៃពិភពលោកផងដែរ។
សូមបញ្ជាក់ថា មនុស្សចំនួនជាង៤រយនាក់ដែលមកពីមជ្ឈដ្ឋានធនាគារនិងមជ្ឈដ្ឋានប្រព័ន្ធសារព័ត៌មាននៃប្រទេសនិងតំបន់ជាង១រយបានចូលរួមអនុវេទិកានេះ។
អ្នកបកប្រែ:Ma Xiaoqing