លោកស៊ីជីនភីង ប្រធានរដ្ឋចិននិងលោក Emmanuel Macron ប្រធានាធិបតីបារាំងបានអញ្ជើញចូលរួមពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលសេដ្ឋកិច្ចចិននិងបារាំងជាមួយគ្នាព្រមទាំងថ្លែងសុន្ទរកថាផងដែរ

2019-11-07 17:55:01 |ប្រភព:CRI

កាលពី​ថ្ងៃទី៦​ខែវិចិ្ឆកា​ ​លោក​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​និង​លោក ​Emmanuel ​Macron​ ប្រធានាធិបតី​បារាំង​បាន​អញ្ជើញ​ចូលរួម​ពិធីបិទបញ្ចប់​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច​ចិននិង​បារាំង​ជាមួយគ្នា​នៅក្រុង​ប៉េកាំង ។

លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់​ក្នុង​សុន្ទរកថាថា ​ប្រទេសចិន​អនុវត្ត​តាម​យុទ្ធសាស្ត្រ​បើក​ទូលាយ​ដែលផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមក​និងឈ្នះ-ឈ្នះ​ ។ ​ប្រទេសចិន​បាន​បើកទ្វារ​ចំពោះ​អន្តរជាតិ​ជាប់រហូតមក​ ហើយ​សង្ឃឹមថា​ ទ្វាររបស់​ប្រទេស​បារាំងនិង​ទ្វីបអឺរ៉ុបក៏​អាចបើក​ដោយ​យុត្តិធម៌​ចំពោះ​វិនិយោគិន​របស់ចិន​វិញ​ផងដែរ ។

លោក​ស៊ីជីនភីង​បាន​ថ្លែងថា​ ប្រទេសចិន​រីករាយ​រួមជាមួយ​ប្រទេស​បារាំង​និងទ្វីបអឺរ៉ុប ​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​យ៉ាង​ម៉ឺងម៉ាត់​ ប្រឆាំង​ការការពារនិយម​និង​ឯកតោភាគីនិយម ​។ ​ពួកយើង​គួរតែ​អនុវត្ត​តាម​ស្តង់ដារ​នៃ​បទដ្ឋាន​អន្តរជាតិ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជាទូទៅ​យ៉ាង​សកម្ម ​និង​រួមគ្នា​កសាង​ខ្សែក្រវាត់​និងផ្លូវ​ដោយ​គុណភាព​ខ្ពស់ ។​ ពួកយើង​គួរតែ​អនុវត្ត​ភារកិច្ចជា​ប្រទេសធំ​តាមរយៈ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ដើម្បី​ដោះស្រាយ​ឱនភាពនៃ​អភិបាលកិច្ច​ពិភពលោក​ គាំពារ​ពហុភាគីនិយម​ ពួតដៃគ្នា​ទប់ទល់នឹង​បញ្ហាប្រឈម​អន្តរជាតិ ​ដើម្បី​ជំរុញ​បង្កើត​សហគមន៍​រួមវាសនា​នៃ​មនុស្សជាតិ ។

លោក ​Emmanuel ​Macron​ បាន​ថ្លែងថា ​ភាគីបារាំង​សូម​កោតសរសើរ​ប្រទេសចិន​ដែលបើក​ទូលាយ​ចំពោះ​អន្តរជាតិ ​។ ​លោក​ជឿជាក់ថា​ ការនេះ​នឹង​ផ្តល់ឱកាស​ដ៏​សំខាន់​ដល់​ប្រទេសនានា​ដែល​រួមមាន​ប្រទេស​បារាំង​ផងដែរ​ ។​ ប្រទេស​បារាំង​និងទ្វីប​អឺរ៉ុប​នឹង​បើកទូលាយ​ទីផ្សារ​ចំពោះ​ប្រទេសចិន ​ហើយ​ស្វាគមន៍​សហគ្រាស​ចិនទៅ​វិនិយោគ ​ព្រមទាំង​ផ្តល់​បរិយាកាស​ពាណិជ្ជកម្ម​យុត្តិធម៌​ដល់ពួកគេ​ផងដែរ​ ។ បារាំង​និងចិន ​អឺរ៉ុបនិង​ចិនគួរតែ​បង្កើន​ការសម្រប​សម្រួល​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការទប់ទល់​នឹង​បម្រែបម្រួល​​អាកាសធាតុ​ កំណែទម្រង់​នៃអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​និងគាំពារ​របប​ពាណិជ្ជកម្ម​ពហុភាគី​ជាដើម ។

 

អ្នកបកប្រែ:Sun Lingling