អំឡុងពេលលោក ប្រធានរដ្ឋចិន ស៊ីជីនភីង អញ្ជើញចូលរួមកិច្ចជំនួបលើកទី ១១ រវាងមេដឹកនាំនៃបណ្តាប្រទេស BRICS ដែលបានប្រារព្ធឡើងនៅក្រុងប្រាស៊ីលីយ៉ាកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា លោកបានបង្ហាញនូវជំហរយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលចិនស្តីពីស្ថានភាពនៅហុងកុង។ឥស្សរជននៃមជ្ឈដ្ឋានអន្តរជាតិនានាបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុន្ទរកថាដ៏សំខាន់របស់លោក ប្រធានរដ្ឋចិន ស៊ីជីនភីង ហើយបានថែ្លងថា ការទប់ស្កាត់ភាពចលាចល គឺជាភារកិច្ចចម្បងរបស់ហុងកុងក្នុងពេលបច្ចុប្បន្ន។
លោក Andrei Ostrovsky នាយករងនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវចុងបូព៌ានៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបានថ្លែងថា សុន្ទរកថារបស់លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិនក្នុងការគាំពារអធិបតេយ្យភាពជាតិ សន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍ មិនឱ្យរង្គើករង្គើនោះទេ ហើយការប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការហុងកុងពីកម្លាំងបរទេស គឺម៉ឺងម៉ាត់មិនងាករេ។
លោក Kiyoyuki seguchi នាយកនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រសកលជប៉ុនបានថែ្លងថា សកម្មភាពហិង្សានាពេលបច្ចុប្បន្ននេះបានធ្វើទុក្ខបុកម្នេញដល់ជីវភាពរស់នៅរបស់ពលរដ្ឋហុងកុង ហើយការស្តារឡើងវិញនូវសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗ គឺជាភារកិច្ចសំខាន់និងចម្បង។
លោក ផែ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាបានថែ្លងថា សុន្ទរកថារបស់លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបង្ហាញជំហរយ៉ាងមុតមាំរបស់រដ្ឋាភិបាលចិនស្តីពីស្ថានភាពនៅហុងកុងនាពេលបច្ចុប្បន្ននេះ។លោកឯកភាពចំពោះការនេះ។លោកអះអាងថា សកម្មភាពអំពើហិង្សាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យទេសចរណ៍របស់ហុងកុងនិងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅជាប្រក្រតីរបស់ពលរដ្ឋហុងកុង។ការទប់ស្កាត់ភាពចលាចលនិងរៀបចំស្តាររបៀបរៀបរយសង្គមឡើងវិញ គឺជាបំណងប្រាថ្នារួមរបស់ប្រជាជនហុងកុង៕
អ្នកបកប្រែ:Wei Wei