លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារសាទរចំពោះការបើកធ្វើសន្និសីទលើកទី១នៃយន្តការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិជាន់ខ្ពស់រវាងចិននិងជប៉ុន

2019-11-25 17:12:16 |ប្រភព:CRI

ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​និង​លោកអាបេ​ស៊ីនហ្សូ នាយក​រដ្ឋមន្រ្តី​ជប៉ុន​បាន​ផ្ញើ​សារ​ដោយ​ឡែក​ពី​គ្នា​ដើម្បី​ចូល​រួម​អបអរ​សាទរ​ការ​បើក​ធ្វើ​​សន្និសីទ​លើក​ទី​១​នៃ​យន្តការ​ផ្លាស់​ប្តូរ​វប្បធម៌​មនុស្ស​ជាតិ​ជាន់​ខ្ពស់​រវាង​ចិន​និង​ជប៉ុន​នៅ​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

ថ្លែង​ក្នុង​សារ​លិខិត លោក​ស៊ីជីនភីង​បាន​លើកឡើង​ថា ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​ត្រូវ​បាន​កែ​លម្អ​ជា​បន្តបន្ទាប់ រំពឹង​ថា ភាគី​ទាំង​ពីរ​ចិន​និង​ជប៉ុន​អាច​រួម​គ្នា​ប្រើ​ប្រាស់​យន្តការ​មួយ​នេះ​ឱ្យ​បាន​ល្អ ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​មនុស្សជាតិ ជំរុញ​ការ​តភ្ជាប់​គ្នា​នៃ​ដួង​ចិត្ត​ប្រជាជន ក្នុង​ន័យផ្តល់​ការ​ទ្រទ្រង់​ខាង​វប្បធម៌​មនុស្ស​ជាតិសម្រាប់​ការ​បង្កើត​និង​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​ដែល​សមស្រប​នឹង​តម្រូវ​ការ​នៃ​យុគសម័យ​ថ្មី ។

ថ្លែង​ក្នុង​សារ​លិខិត លោក​អាបេ​ស៊ីនហ្សូបាន​លើក​ឡើង​ថា យន្តការ​ផ្លាស់​ប្តូរ​និង​ពិគ្រោះ​ពិភាក្សា​ខាង​វប្បធម៌​មនុស្ស​ជាតិ​ជាន់​ខ្ពស់​រវាង​ជប៉ុន​និង​ចិន​គឺ​ជា​គំនិត​ឯកភាព​រួម​របស់​ខ្ញុំ​និង​លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​ដែល​បាន​ឈាន​ដល់​ក្នុង​កិច្ច​ជំនួប​នៅ​ក្រុង​អូសាកា ។ រំពឹង​ថា យន្តការ​មួយ​នេះ​អាច​បង្កើត​ជា​មូលដ្ឋាន​នៃ​ក្តី​បំណង​របស់​ប្រជាជន​យ៉ាង​រឹងមាំ​សម្រាប់ការ​កសាងទំនាក់​ទំនង​រវាង​ជប៉ុន​និង​ចិន​ដែល​សមស្រប​នឹង​តម្រូវ​ការ​នៃ​យុគ​សម័យ​ថ្មី ក៏​ដូច​ជា​រួម​ចំណែក​ដល់​ការ​ត្រួស​ត្រាយ​អនាគត​ថ្មី​នៃ​ទំនាក់​ទំនង​រវាង​ជប៉ុន​និង​ចិន​ផង​ដែរ ៕

អ្នកបកប្រែ:Zheng Lei