ក្រសួងការបរទេសចិនរំពឹងថាបណ្តាប្រទេសនានាផ្សេងទៀតក៏អាចផ្តល់បរិយាកាសធ្វើពាណិជ្ជកម្មដ៏បើកទូលាយ យុត្តិធម៌និងមិនរើសអើងដល់សហគ្រាសចិនដែរ

2019-12-18 18:04:36 |ប្រភព:CRI

កាលពី​ថ្ងៃទី ១៧ ខែធ្នូ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​ដែល​ធ្វើឡើង​នៅក្រុង​ប៉េកាំង លោក​Gengshuang អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថ្លែងថា ប្រទេសចិន​នឹងបន្ត​​បើកទូលាយ​ចំពោះសហគ្រាស​ទូរគមនាគមន៍​នៃបណ្តាប្រទេសនានា រួមទាំង​សហគ្រាស​អឺរ៉ុប​ក្នុងការ​ចូលរួម​កិច្ចសហប្រតិបត្តិការ​ផ្នែក​ទីផ្សារ​5G​នៃប្រទេសចិន ហើយ​រំពឹងថា​បណ្តាប្រទេស​នានា​ផ្សេងទៀត​ក៏អាច​ផ្តល់​បរិយាកាស​ធ្វើពាណិជ្ជកម្ម​ដ៏បើកទូលាយ យុត្តិធម៌​និង​មិនរើសអើង​ដល់​សហគ្រាសចិន​ដែរ ។

លោក​Gengshuang បានថ្លែងថា នាពេល​កន្លងទៅ​ថ្មីៗនេះ​មាន​កិច្ចពិភាក្សា​អំពី​បញ្ហា 5G នៃ​ក្រុមហ៊ុនHuawei​ក្នុងប្រទេស​អាល្លឺម៉ង់ ភាគីចិន​មានការ​ព្រួយបារម្ភដល់​គំនិត​ខុសឆ្គង​របស់​បក្សពួក​និង​ឥស្សរជន​មួយចំនួន​នៃអាល្លឺម៉ង់​ដែល​ប៉ុនប៉ង​ច្រានចោល​សហគ្រាសចិន​ដោយ​មធ្យោបាយ​នយោបាយ ហើយ​សម្គាល់ថា​វាល្មើសនឹង​ស្មារតី​បើកទូលាយ បរិយាប័ន្ន ប្រកួតប្រជែង​ដោយយុត្តិធម៌​និង​សេដ្ឋកិច្ចទីផ្សារ​ដែល​អាល្លឺម៉ង់​តែងតែ​ប្រកាន់ខ្ជាប់ នឹងបំផ្លាញ​ផលប្រយោជន៍​និង​កិត្តិយស​លើឆាកអន្តរជាតិ​របស់​អាល្លឺម៉ង់ ។

លោក​Gengshuang​សង្កត់ធ្ងន់ថា រដ្ឋាភិបាលចិន​មិនដែល​គាំទ្រ​សហគ្រាស​ធ្វើសកម្មភាព​ដែល​បំផ្លាញ​ផលប្រយោជន៍​សន្តិសុខ​ស្របច្បាប់​របស់​ប្រទេស​ដទៃ​នោះទេ ហើយ​គ្មាន​ច្បាប់​ណាមួយ​តម្រូវឱ្យ​សហគ្រាស​ដំឡើង​ទ្វារ​ខាងក្រោយ​ឬ​ប្រមូល​ការណ៍សម្ងាត់​នៃបរទេស​ឡើយ ៕

 

អ្នកបកប្រែ:Xu Xiaoxia