ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ លោកស៊ី ជីនភីង ប្រធានរដ្ឋចិននិងលោក Mattarellaប្រធានាធិបតីអ៊ីតាលីបានផ្ញើសារជូនពរដោយឡែកពីគ្នាចំពោះពិធីសម្ពោធបើក"ឆ្នាំវប្បធម៌និងទេសចរណ៍ប្រទេសចិន-អ៊ីតាលី"ឆ្នាំ ២០២០ ដែលប្រារព្ធធ្វើនៅក្រុងរ៉ូម ប្រទេសអ៊ីតាលី ។
ក្នុងសារជូនពរ លោកស៊ី ជីនភីង បានចង្អុលបង្ហាញថា ប្រទេសចិននិងអ៊ីតាលីសុទ្ធតែមានធនធានផ្នែកវប្បធម៌និងទេសចរណ៍ដ៏សម្បូរបែប ។ រំពឹងថា ឥស្សរជនក្នុងមជ្ឈដ្ឋានវប្បធម៌និងទេសចរណ៍របស់ប្រទេសចិននិងអ៊ីតាលីអាចរួមសហការគ្នាបង្កើតទស្សនីយភាពដ៏ស្រស់ស្អាតនៃកិច្ចសន្ទនារវាងអរិយធម៌បុរាណក្នុងយុគសម័យថ្មី ដើម្បីរួមវិភាគទានថ្មីចំពោះពិពិធកម្មអរិយធម៌នៃពិភពលោក ក៏ដូចជាការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមករវាងវប្បធម៌ខុសប្លែកពីគ្នា ។
ដោយឡែក ក្នុងសារជូនពរ លោក Mattarella បានលើកឡើងថា ពេលប្រឈមនឹងស្ថានភាពដែលមានភាពកាន់តែស្មុគស្មាញលើពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសអ៊ីតាលីនិងចិនគួរតែយល់ដឹងយ៉ាងស៊ីជម្រៅនូវតម្លៃនៃការពឹងផ្អែកលើគ្នានិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នា ជំរុញការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិដែលប្រកបដោយគុណភាពខ្ពស់ សំដៅប្រកៀកស្មាគ្នាទប់ទល់នឹងបញ្ហាប្រឈមនាពេលអនាគត ៕
អ្នកបកប្រែ:Zhai Qianqian