ចាប់តាំងពីផ្ទុះជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនៅក្រុងវូហានមក រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់កម្រិតខ្ពស់ចំពោះការវិវឌ្ឍនៃជំងឺឆ្លងនេះ សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានលើកឡើងថា ចង់ទៅសួរសុខទុក្ខនិស្សិតខ្មែរដែលបន្តវិជ្ជានៅប្រទេសចិននៅក្រុងវូហាន ។ បន្ទាប់ពីភាគីចិនបានបដិសេធសំណូមពររបស់សម្តេចហ៊ុនសែន សម្តេចបែរជាបំពេញទស្សនកិច្ចនៅក្រុងប៉េកាំង ។
នៅថ្ងៃទី៥ខែកុម្ភៈតាមម៉ោងតំបន់ សម្តេចហ៊ុនសែនបានសរសេរលើ FACEBOOK ថា សម្តេចនឹងទៅបំពេញទស្សនកិច្ចនៅក្រុងប៉េកាំងនៅរសៀលថ្ងៃទី៥ខែកុម្ភៈ ។ នេះជាទស្សនកិច្ចការងាររយៈពេល១ថ្ងៃ បន្ទាប់មក សម្តេចនឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី៥ខែកុម្ភៈដដែលនេះ ។
សម្តេចហ៊ុនសែនបានបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាជាសាធារណៈជាច្រើនលើកថា នឹងមិនយកនិស្សិតខ្មែរដែលបន្តវិជ្ជានៅប្រទេសចិននិងមន្ត្រីការទូតខ្មែរដែលធ្វើការនៅប្រទេសចិនឱ្យត្រឡប់ទៅកម្ពុជាវិញឡើយ ។ ព្រមពេលជាមួយគ្នានេះ ក៏មិនផ្អាកប្រតិបត្តិការហោះហើររវាងប្រទេសចិននិងកម្ពុជានោះទេ ។
កាលពីថ្ងៃទី៤ខែកុម្ភៈ ពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកនៃអង្គការសហព័ន្ធសន្តិភាពសកលនៅកូរ៉េខាងត្បូង សម្តេចហ៊ុនសែនបានគូសបញ្ជាក់ថា ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីមិនមែនជាបញ្ហារបស់ចិនតែម្នាក់នោះទេ ប៉ុន្តែជាបញ្ហាពិភពលោកផងដែរ ។ គោលជំហរចំពោះបញ្ហាជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនៃរាជរដ្ឋាភិបាលកម្ពុជាគឺម៉ឺងម៉ាត់មិនងាករេ ។