កាលពីថ្ងៃទី ៥ ខែកុម្ភៈ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសភាប្រជាជនចិននៅក្រុងប៉េកាំង។លោក ស៊ី ជីនភីង បានថែ្លងថា ប្រទេសចិនមានជំនឿចិត្តនិងសមត្ថភាពក្នុងការយកជ័យជម្នះលើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី។សម្តេច ហ៊ុនសែន បានថែ្លងថា ការសម្រេចចិត្តយ៉ាងលឿនដើម្បីធ្វើដំណើរមកកាន់ប្រទេសចិនក្នុងពេលវេលាពិសេសនេះ គឺ ដើម្បីបង្ហាញនូវការគាំទ្រយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាចំពោះរដ្ឋាភិបាលនិងប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។
ថ្លែងក្នុងកិច្ចជំនួប លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា គណបក្សនិងរដ្ឋាភិបាលចិនបានចាត់វិធានការបង្ការនិងគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់និងតឹងរឹងបំផុតប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះប្រជាជនចិននិងសហគមន៍អន្តរជាតិ។នាពេលបច្ចុប្បន្ននេះ ការងារបង្ការនិងគ្រប់គ្រងកំពុងទទួលបានលទ្ធផលវិជ្ជមាន។ប្រទេសចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា រួមទាំងកម្ពុជាដោយប្រកាន់ខ្ជាប់នូវអាកប្បាកិរិយាបើកទូលាយនិងតម្លាភាពដើម្បីរួមគ្នាទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពចំពោះការរីករាលដាលនៃជំងឺនេះព្រមទាំងធានារក្សានូវសន្តិសុខនិងសុខភាពសាធារណៈទាំងក្នុងតំបន់និងពិភពលោកទាំងមូល។ប្រទេសចិននឹងគាំពារសុខភាពនិងការរស់នៅរបស់ពលរដ្ឋកម្ពុជានៅក្នុងប្រទេសចិន ក្នុងនោះ រួមមាននិស្សិតកម្ពុជា ឱ្យដូចជាគាំពារសុខភាពរបស់ប្រជាជនចិនផងដែរ។
ជាការឆ្លើយតប សម្តេច ហ៊ុនសែន បានថែ្លងថា ក្នុងគ្រាដែលប្រទេសចិនស្ថិតនៅស្ថានភាពលំបាក ប្រជាជនកម្ពុជានឹងឈរយ៉ាងមុតមាំជាមួយប្រជាជនចិន ហើយពិតជា"មិត្តដែកថែប"។កម្ពុជាសូមថ្លែងអំណរគុណដល់ប្រទេសចិនចំពោះការផ្តល់នូវការយកចិត្តទុកដាក់និងការធានាសម្រាប់ការរស់នៅនិងសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងប្រទេសចិន។កម្ពុជានឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរជាប្រក្រតីជាមួយប្រទេសចិន ហើយប្តេជ្ញារួមសហការជាមួយប្រទេសចិនដើម្បីកសាងសហគមន៍រួមវាសនានៃមនុស្សជាតិសម្រាប់កម្ពុជានិងប្រទេសចិន៕