សន្និសីទដើម្បីជំរុញការងារស្តីពីការបង្ការនិងគ្រប់គ្រងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មីនិងការងារអភិវឌ្ឍសេដ្ឋកិច្ច បានប្រារព្ធឡើងនៅក្រុងប៉េកាំងកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ក្រោមអធិបតីភាពលោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិមចិន ។ ថ្លែងក្នុងសន្និសីទ លោកបានបញ្ជាក់ថា ត្រូវតែរៀបចំសណ្តាប់ធ្នាប់ នៃជីវភាពរស់នៅនិងសង្វាក់ផលិតកម្មឡើងវិញ ក៍ដូចជា ខិតខំប្រឹងប្រែង ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០២០ ។ នាពេលបច្ចុប្បន្ននេះ ការងារស្តីពីការបង្ការនិងគ្រប់គ្រងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី មាននិន្នាការឆ្ពោះទៅកាន់ទិសដ៍ល្អមួយ។ នេះបានបញ្ជាក់ពីឧត្តមភាពយ៉ាងច្បាស់លាស់នៃប្រព័ន្ធសង្គមនិយម ដែលមានលក្ខណៈពិសេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ។
លោកស៊ី ជីនភីងបានថ្លែងថា ត្រូវតែបន្តរក្សាការប្រាស្រ័យទាក់ទងគ្នា យ៉ាងល្អប្រសើរជាមួយអង្គការសុខភាពពិភពលោក និងចែករំលែកនូវបទពិសោធន៍ល្អៗ លើវិស័យបង្ការជំងឺឆ្លងជាមួយប្រទេសពាក់ព័ន្ធនានា ក៏ដូចជា បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការផលិតថ្នាំប្រឆាំងវីរុសនិងវ៉ាក់សាំងបង្ការមេរោគជាដើម ។
លោកស៊ី ជីនភីង បានបញ្ជាក់ថា ដំណើរវិវឌ្ឍន៍ ឆ្ពោះទៅកាន់ទិសដ៍ល្អប្រសើរ នៃសេដ្ឋកិច្ចចិន ក្នុងរយៈពេលវែង គឺគ្មានការផ្លាស់ប្តូរឡើយ ។ ផលប៉ះពាល់ពីជំងឺឆ្លងគឺមានរយៈពេលខ្លីនិងអាចគ្រប់គ្រងបានជាទូទៅ ។ លោកបានលើកឡើងថា ត្រូវបង្កើនកិច្ចសម្របសម្រួលគោលនយោបាយម៉ាក្រូ និងដាក់ចេញវិធានការមួយចំនួន ដើម្បីរក្សាស្ថិរភាពទីផ្សារការងារ ។ ជុំវិញបញ្ហាសេដ្ឋកិច្ចអន្តរជាតិរបស់ចិន លោកបានបញ្ជាក់ថា ត្រូវបង្កើនការបើកទូលាយ លើមុខរបរសេវាកម្ម ដូចជាវិស័យហិរញ្ញវត្ថុជាដើម បន្តកែលម្អបរិយាកាសធ្វើពាណិជ្ជកម្ម ដើម្បីបង្កើនទំនុកចិត្តរបស់ពាណិជ្ជករបរទេសចំពោះទីផ្សារចិន ក្នុងរយៈពេលវែង ៕
អ្នកបកប្រែ:Sun Lingling