ថ្ងៃទី ២ ខែមីនា តាមម៉ោងក្នុងតំបន់ អង្គការសុខភាពពិភពលោកបានចេញរបាយការណ៍ប្រចាំថ្ងៃថ្មីបំផុតអំពីសភាពការណ៍ឆ្លងនៃជំងឺCovid-19 ។ គិតរហូតដល់វេលាម៉ោង ១០ ព្រឹក ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២០ តាមម៉ោងនៅតំបន់ភាគកណ្តាលនៃទ្វីបអឺរ៉ុប ក្រៅពីប្រទេសចិន មានប្រទេសចំនួន ៦៤ បានរកឃើញករណីឆ្លងជំងឺCovid-19សរុប ៨៧៧៤ ករណី ករណីស្លាប់សរុប ១២៨ នាក់ ។ បើប្រៀបធៀបនឹងរបាយការណ៍មុននេះមួយថ្ងៃ ក្រៅពីប្រទេសចិន មានករណីឆ្លងថ្មីនៃជំងឺ Covid-19 ចំនួន ១៥៩៨ ករណីប្រទេសចំនួន ៦ គឺប្រទេសអាមេនី ឆែក ដូមីនីកា លុចសំបួ អ៊ីស្លង់ និងឥណ្ឌូណេស៊ី បានរកឃើញជាលើកដំបូងនូវករណីឆ្លងជំងឺCovid-19 ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងថា ស្ថានភាពនៅប្រទេសកូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ និងជប៉ុនគួរឱ្យព្រួយបារម្ភជាងគេ ជាពិសេសគឺកូរ៉េខាងត្បូងមានអត្រាឆ្លងជំងឺCovid-19ខ្ពស់ជាងចិនរហូតដល់ទៅជាង៥០% ។ អង្គការសុខភាពពិភពលោកបានចាត់បញ្ជូនក្រុមការងារទៅកាន់អ៊ីរ៉ង់ ដើម្បីជួយធ្វើការងារបង្ការជំងឺក្នុងតំបន់ បច្ចុប្បន្ន មានបុគ្គលិកការងារមួយរូបនៃទីស្នាក់ការអង្គការសុខភាពពិភពលោកប្រចាំនៅអ៊ីរ៉ង់ត្រូវបានរកឃើញឆ្លងវីរុសកូរ៉ូណាថ្មី តែមានអាការរោគស្រាលទេ ៕
អ្នកបកប្រែ:Liu Yan