កាលពីព្រឹកថ្ងៃទី ១០ ខែមីនា លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញទៅក្រុងវូហានខេត្តហ៊ូប៉ី តាមយន្តហោះដើម្បីចុះត្រួតពិនិត្យការងារបង្ការនិងគ្រប់គ្រជំងឺ Covid-19 នៅខេត្តហ៊ូប៉ី និងក្រុងវូហាន និងសួរសុខទុក្ខបុគ្គលិកពេទ្យ កងទ័ពរំដោះប្រជាជនចិន អ្នកបំពេញការងារសហគមន៍ ប៉ូលិស កម្មាភិបាលមូលដ្ឋាន អ្នកស្មគ្រចិត្តជាច្រើនដែលកំពុងមមាញឹកធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺ ព្រមទាំងសួរសុខទុក្ខអ្នកជំងឺនិងអ្នកក្រុង ។
តាមការផ្សាយបានឱ្យដឹងថា បន្ទាប់ពីចុះពីយន្តហោះភ្លាម លោក ស៊ីជីនភីង បានអញ្ជើញទៅកាន់មន្ទីរពេទ្យ Huo shenshan ជាពិសេស ដើម្បីស្វែងយល់សភាពការណ៍នៃដំណើរការមន្ទីរពេទ្យ ការទទួលព្យាបាលអ្នកជំងឺ ការការពារបុគ្គលិកពេទ្យ ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រជាដើម។ លោកបានសួរសុខទុក្ខអ្នកជំងឺដែលកំពុងទទួលការព្យាបាល និងផ្តោតការយកចិត្តទុកដាក់ចំពោះបុគ្គលិកពេទ្យដែលកំពុងមមាញឹកក្នុងការប្រយុទ្ធប្រឆាំងជំងឺ ព្រមទាំងបានលើកទឹកចិត្តដល់មនុស្សទាំងអស់ឱ្យមានជំនឿចិត្ត ក្នុងការយកជ័យជម្នះលើជំងឺCovid-19 ៕