លោក ស៊ីជីនភីង សន្ទនាតាមទូរសព្ទជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ

2020-03-13 18:10:55 |ប្រភព:CRI

កាលពី​យប់ថៃ្ងទី ​១២​ ខែមីនា ​លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​សន្ទនា​តាម​ទូរសព្ទ​ជា​មួយ​លោក ​António ​Guterres ​អគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ​តាម​ការណាត់។​

លោក ​ស៊ីជីនភីង ​បាន​ចង្អុលបង្ហាញ​ថា ​បន្ទាប់ពី​កិច្ចខិតខំប្រឹងប្រែង​ដ៏លំបាក ​ស្ថានភាព​នៃ​ការ​បង្ការ​និង​គ្រប់គ្រង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ​នៅ​ក្នុងប្រទេសចិន​បាន​ប្រសើរ​ឡើង​ហើយ​​ផលិតកម្ម​និង​សណ្តាប់ធ្នាប់​នៃ​ជីវភាព​រស់នៅ​ក៍បាន​ប្រសើរ​ឡើង​ឡើងវិញ​ផងដែរ។​នៅ​ជំហាន​បន្ទាប់ ​រដ្ឋាភិបាលចិន​នឹង​បន្ត​ពង្រឹង​ការ​បង្ការ​និង​គ្រប់គ្រង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩ ​ទន្ទឹមគ្នា​នឹង​ការ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ជាដើម។​លោក​ជឿជាក់​ថា ​ប្រជាជន​ចិន​ប្រាកដជា​នឹង​យកជ័យជម្នះ​លើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ​មិនខាន​និង​មុខជា​នឹង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​របស់ខ្លួន​តាម​ការ​គ្រោងទុក​ផងដែរ។​

លោក ​ស៊ីជីនភីង ​បាន​សង្កត់ធ្ងន់​ថា ​ប្រទេសចិន​មានឆន្ទៈ​ក្នុង​ការ​ចែករំលែក​នូវ​បទពិសោធ​នៃ​ការ​បង្ការ​និង​គ្រប់គ្រង​ការរាតត្បាត​នៃ​ជំងឺនេះ​ជាមួយ​បណ្តាប្រទេស​ពាក់ព័ន្ធ​និង​អនុវត្ត​ការសិក្សា​ស្រាវជ្រាវ​​រួមគ្នា ​ក៍ដូចជា​ការអភិវឌ្ឍ​ឱសថ​និង​វ៉ាក់សាំង​ព្រមទាំង​ផ្តល់​ជំនួយ​តាម​សមត្ថភាព​របស់ខ្លួន​ដល់​ប្រទេស​មួយចំនួន​ដែលមាន​ការរីករាលដាល​នៃ​ជំងឺ​នេះ។​

លោក ​António ​Guterres ​ជឿជាក់ថា ​ប្រទេសចិន​នឹង​មិនត្រឹមតែ​អាច​យក​ឈ្នះ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ​ក្នុងពេល​ឆាប់ៗ​ប៉ុណ្ណោះទេ​ ថែមទាំងអាច​ស្តារ​សណ្តាប់ធ្នាប់​នៃ​សេដ្ឋកិច្ច​ឡើង​វិញ​ដែល​នឹង​មិនត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជនចិន​ប៉ុណ្ណោះទេ ​ថែមទាំង​ផ្តល់​វិភាគទាន​សំខាន់ៗ​ដល់​ពិភពលោក​ផងដែរ​។​អង្គការ​សហប្រជាជាតិ​សូម​ថ្លែង​អំណរគុណ​ដល់​ប្រទេស​ចិន​ចំពោះ​ការផ្តល់​ជំនួយ​គាំទ្រ​ដល់​បណ្តា​ប្រទេស​នានា​ដែល​មានការ​លំបាក​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺនេះ៕​

 

អ្នកបកប្រែ:Wei Wei