នាយប់ថ្ងៃទី១៩ខែមីនា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជា មួយលោកភូទីនប្រធានាធិបតីរុស្ស៊ីតាមការណាត់
ថ្លែងក្នុងកិច្ចជំនួប លោកស៊ីជីនភីងបានលើកឡើងថា បច្ចុប្បន្ននេះ សភាពការណ៍បង្ការនិងគ្រប់គ្រងជំងឺឆ្លងក្នុងប្រទេសចិនមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ សណ្តាប់ធ្នាប់និងរបៀបរៀបរយនៃផលិតកម្មនិងជីវភាពរស់នៅត្រូវបានពន្លឿនឱ្យរៀបចំឡើងវិញជាបណ្តើរៗ។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសនានាក្នុងនោះបូករួមទាំងរុស្ស៊ីផង ក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការខាងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ចែករំលែកបទពិសោធន៍ខាងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ជំរុញការរួមគ្នាសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត រួមសហការគ្នាទប់ទល់នឹងការគំរាមកំហែងរួមដើម្បីគាំពារសន្តិសុខសុខភាព សាធារណៈជាសកល។
ជាការឆ្លើយតប លោកភូទីនបានថ្លែងថា ប្រទេសចិនបានជួយដល់ប្រទេសមានផ្ទុះករណីជំងឺឆ្លងដោយទាន់ពេលវេលា ដែលបានធ្វើជាគំរូដ៏ល្អប្រសើរសម្រាប់សហគមន៍អន្តរជាតិ។ ប្រតិបត្តិការរបស់ចិនជាការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះប្រទេសមួយក្តាប់តូចដែលបង្កហេតុនិងលាបពណ៌ប្រទេសចិន។ រុស្ស៊ីរំពឹងថាអាចបន្តផ្តល់ការគាំទ្រដល់គ្នានិងរួមសហការគ្នាយ៉ាងស្អិតល្មួតជាមួយប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហការនិងសម្របសម្រួលជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិន៕
អ្នកបកប្រែ:Wang Zhaojun