លោកស៊ីជីនភីងប្រធានរដ្ឋចិនចុះផ្សាយអត្ថបទលើកឡើងថា ការរួមសាមគ្គីនិងកិច្ចសហប្រតិបត្តិការជាអាវុធដ៏ខ្លាំងក្លាបំផុតរបស់សហគមន៍អន្តរជាតិសម្រាប់យកឈ្នះលើជំងឺឆ្លង

2020-04-16 18:40:41 |ប្រភព:CRI

ទស្សនវដ្តី​ឈ្មោះ”Q   iuShi”ដែល​បោះ​ពុម្ភ​ផ្សាយនៅ​​ថ្ងៃ​ទី​១៦​ខែ​មេសាបាន​ចុះ​ផ្សាយ​អត្ថបទ​របស់​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​ក្រោម​ចំណងជើង​ថា” “ការ​រួម​សាមគ្គីនិង​កិច្ច​សហ​ប្រតិបត្តិការ​ជា​អាវុធ​ដ៏​ខ្លាំង​ក្លា​បំផុត​របស់​សហគមន៍​អន្តរជាតិ​សម្រាប់​យក​ឈ្នះ​លើ​ជំងឺ​ឆ្លង”។

អត្ថបទ​មួយ​នេះ​បាន​ចែង​ថា បច្ចុប្បន្ន​នេះ ករណី​ជំងឺ​កូវីដ​១៩​បាន​និង​កំពុង​រីក​រាល​ដាល​នៅ​ទូទាំង​ពិភពលោកដែល​បាន​នាំ​មក​នូវ​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​សុវត្ថិភាព​អាយុ​ជីវិត​និង​សុខភាព​របស់​ប្រជាជន ក៏​ដូច​ជា​បាន​នាំ​មក​នូវ​បញ្ហា​ប្រឈមយ៉ាង​ខ្លាំង​ដល់​សន្តិសុខ​សុខាភិបាល​សាធារណៈពិភពលោក​ទាំង​មូលផង​ដែរ។ វីរុស​គ្មាន​ព្រំដែន​នោះ​ទេ ហើយ​ជំងឺ​ឆ្លង​ក៏​មិន​បែង​ចែក​ពូជសាសន៍​ដែរ។ ប្រការ​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​ការ​បំផុត​គឺ​ជំនឿចិត្ត​​យ៉ាង​មុតមាំ សាមគ្គីគ្នា​ជា​ធ្លុង​មួយ រួម​សហការ​គ្នា​ទប់ទល់​នឹង​ជំងឺ​ឆ្លង បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដោយ​គ្រប់​ជ្រុង​ជ្រោយ ដើម្បី​ចាប់​ដៃ​គ្នា​យក​ឈ្នះ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​រវាង​មនុស្ស​ជាតិ​និង​ជំងឺ​ឆ្លង​លើក​នេះ ។

អត្ថបទ​បាន​គូស​បញ្ជាក់​ថា ជា​និច្ចកាល រដ្ឋាភិបាល​ចិន​តែង​តែ​ប្រកាន់​យក​អាកប្ប​កិរិ​យា​បើក​ចំហ មាន​តម្លាភាព និង​ទទួល​ខុស​ត្រូវ បាន​ជូន​ដំណឹង​អំពីជំងឺ​ឆ្លង​ដោយ​ទាន់​ពេល​វេលា​ចំពោះ​អង្គការ​សុខភាព​ពិភពលោក ក៏​ដូច​ជា​ប្រទេស​និង​តំបន់​ពាក់​ព័ន្ធផង​ដែរ ដើម្បី​ចែក​រំលែក​ដោយ​គ្មាន​លាក់​ទុក​នូវ​បទ​ពិសោធន៍​ស្តីពី​ការ​បង្ការ គ្រប់​គ្រង​និង​ព្យាបាល​ជំងឺ​ឆ្លង​ជា​មួយ​អង្គការ​សុខភាព​ពិភពលោក​និង​សហគមន៍​អន្តរជាតិ ។

ប្រទេសចិន​រីក​រាយ​រួម​សហការ​ជា​មួយ​អង្គការ​សុខភាព​ពិភពលោក​និង​សហគមន៍​អន្តរជាតិ ដើម្បី​គាំពារ​ឱ្យ​បាន​ល្អ​នូវ​សន្តិសុខ​សុខាភិបាល​សាធារណៈក្នុង​តំបន់​និង​ពិភព​លោក​ទាំង​មូល ។​លោក​បាន​លើក​សំណើ​៤​ចំណុច៖ ទី​១ ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​មុត​មាំ​នូវ​ជំងឺ​កូវីដ​១៩​នៅ​ទូទាំង​ពិភពលោក ទី​២ រួម​គ្នា​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​លើ​ផ្ទៃ​អន្តរជាតិ​ដោយ​មាន​ប្រសិទ្ធភាព ទី​៣ គាំទ្រ​យ៉ាង​សកម្ម​ឱ្យ​អង្គការអន្តរជាតិ​ដើរ​តួនាទី​របស់​ខ្លួន ទី​៤ បង្កើន​កិច្ច​សម្រប​សម្រួលចំពោះ​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​អន្តរជាតិ ៕

 

អ្នកបកប្រែ:Zheng Lei