លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ី

2020-04-17 18:06:06 |ប្រភព:CRI

យប់​ថ្ងៃ​ទី​១៦​ខែ​មេសា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជា​មួយ​លោក​ភូទីន​ប្រធានាធិបតី​រុស្ស៊ី។

ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា ចិននិង​រុស្ស៊ី​មាន​ទឹក​ដី​ជាប់គ្នា​ ហើយ​ដួង​ចិត្ត​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរក៏​បាន​តភ្ជាប់​គ្នា​ផង​ដែរ។ ប្រទេស​រុស្ស៊ី​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ក្នុង​ខណៈពេល​ដ៏​លំបាក​បំផុតដែល​ប្រទេស​ចិន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ឆ្លង ប្រជាជន​ចិន​ចង​ចាំ​ក្នុង​ដួង​ចិត្តជានិច្ច។ ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​ដែល​រដ្ឋាភិបាល​ចិន​ចាត់​បញ្ជូន​ទៅ​កាន់​រុស្ស៊ី​កំពុង​បំពេញ​ការ​ងារ​នៅ​ក្រុង​ម៉ស្គូ។ ភាគី​ចិន​បាន​ផ្តល់​ជំនួយមួយ​ចំនួន​ដល់​ភាគី​រុស្ស៊ី ហើយ​ភាគី​ចិន​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​យ៉ាង​មុត​មាំ​ដល់​ភាគី​រុស្ស៊ី​តទៅ​ទៀត។ លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ថា ការ​ធ្វើ​ឱ្យ​ជំងឺ​ឆ្លង​ក្លាយ​ជា​បញ្ហា​នយោបាយ​វា​គ្មាន​អំណោយ​ផល​ដល់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នោះ​ទេ។ ចិន​និង​រុស្ស៊ី​គួរ​តែ​ចាប់​ដៃ​សហការ​គ្នា​ ដើម្បី​រួម​គ្នា​គាំពារសន្តិសុខ​សុខាភិបាល​សាធារណៈនៃ​ពិភពលោក​ទាំង​មូល។

ជាការ​ឆ្លើយ​តប លោក​ភូទីន​បាន​ថ្លែង​ថា ចាប់​ពី​ជំងឺ​ឆ្លង​បាន​ផ្ទុះ​រាល​ដាល​មក ប្រទេស​ទាំង​ពីរ​រុស្ស៊ី​និង​ចិន​បាន​រួម​សាមគ្គី​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​ជាប់​រហូត ភាគី​ទាំង​ពីរ​បាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​បង្ហាញ​ពី​លក្ខណៈយុទ្ធសាស្រ្ត​និង​កម្រិត​ខ្ពស់​នៃ​ទំនាក់​ទំនង​រវាង​រុស្ស៊ី​និង​ចិន ។ ទង្វើ​របស់​បុគ្គល​មួយ​ចំនួន​តូច​ដែល​ប៉ុន​ប៉ង​ចង់​លាប​ពណ៌​ប្រទេស​ចិន​ក្នុង​បញ្ហា​ប្រភព​វីរុសគឺ​មិន​អាច​ទទួល​យក​បាន​ទេ៕

 

អ្នកបកប្រែ:Zhai Qianqian