ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះទទួលបានសម្ភារបរិក្ខាពេទ្យ សម្រាប់ទប់ស្កាត់វីរុស COVID-19 ដែលជាជំនួយរបស់ក្រសួងការពារជាតិរបស់ប្រទេសចិនចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ពិធីប្រគល់ និងទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 នេះ បានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងលោកវរសេនីយ៍ឯក លី ជីង ហ្វឹង តំណាងដោយអនុពន្ធ័យោធាចិនប្រចាំកម្ពុជា។
ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិបានប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសនោះថា ការផ្តល់សម្ភារបរិក្ខាពេទ្យពីក្រសួងការពារជាតិចិនមកឱ្យក្រសួងការពារជាតិកម្ពុជានេះ គឺជាទឹកចិត្តដ៏វិសេសវិសាលរបស់មិត្តចិន ដើម្បីជួយសម្រួល ព្រមទាំងបង្កើនសមត្ថភាពដល់ យោធាកម្ពុជាពេលបើកកិច្ចប្រតិបត្តិការរួមគ្នាប្រយុទ្ធកូវីដ-១៩។ឯកឧត្តមបញ្ជាក់ថា នេះជាលើកទី៣ដែលកម្ពុជាទទួលជំនួយ និងគ្រូពេទ្យជំនាញពីប្រទេសចិន គឺទី-១ ទទួលនូវក្រុមគ្រូពេទ្យវេជ្ជសាស្រ្តយោធាចិន ចំនួន៤រូបកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០ជាមួយនឹងឧបករណ៍ពេទ្យមួយចំនួន ។
បន្ទាប់មកនៅថ្ងៃទី៣១ ខែមីនាឆ្នាំ២០២០ ក៏បានទទួលបានឧបករណ៍បរិក្ខាពេទ្យមួយចំនួនទៀត ។ ដូច្នេះលើកនេះជាលើកទី៣ដែលក្រសួងការពារជាតិកម្ពុជាទទួលបានឧបករណ៍ម្ភារពេទ្យពីមហាមិត្តចិនដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។លោកវរសេនីយ៍ឯក ជីង ហ្វឹង តំណាងដោយអនុពន្ធ័យោធាចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា កម្ពុជា និងចិនតែតែជួយគ្នាទៅវិញទៅមកជាពិសេសការរួមគ្នាប្រយុទ្ធនឹងកូវីដ-១៩ ដោយកម្ពុជា និងចិនជាបងប្អូន និងជាមិត្តដែកថែប។លោកបញ្ជាក់ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា និងចិននឹងអាចដោះស្រាយបញ្ហាដែលបង្កឡើងដោយកូវីដ-១៩នេះបាន ហើយដ៏រាបណាជំងឺនេះមិនទាន់ដោះស្រាយបានទេ ប្រទេសចិននៅតែបន្តផ្តល់ជំនួយដល់កម្ពុជាលើការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩នេះថែមទៀត។ ទាំងនេះជាការបញ្ជាក់កាន់តែច្បាស់ពីចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំ៕
ប្រភពរូបថត៖ Ding Feng