ថ្ងៃទី ១១ ខែឧសភា លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំដែលបានបើកធ្វើនៅក្រុងប៉េកាំងថា ប្រទេសចិនអនុវត្តច្បាប់បិទការនេសាទតាមរដូវកាលនៅក្នុងលំហសមុទ្រពាក់ព័ន្ធនៃសមុទ្រចិនខាងត្បូង ដែលវាជាវិធានការស្របច្បាប់ ភាគីវៀតណាមគ្មានសិទ្ធិនិយាយឆ្ការដៃឆ្ការជើងរឿងនេះទេ ។
តាមការផ្សាយដំណឹងឱ្យដឹងថា ថ្ងៃទី ៨ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសវៀតតណាមបានចេញសេចក្តីថ្លែងការណ៍ថា វៀតណាមប្រឆាំងតវ៉ានឹងប្រទេសចិនដែលបានបិទនេសាទនៅសមុទ្រចិនខាងត្បូងដោយឯកតោភាគី ព្រមនិងទាមទារភាគីចិនឱ្យបញ្ឈប់សកម្មភាពដែលអាចនឹងធ្វើឱ្យស្ថានការណ៍សមុទ្រចិនខាងត្បូងមានភាពកាន់តែស្មុគស្មាញថែមទៀត ។ សមាគមនេសាទវៀតណាមក៏អះអាងដែរថា ទង្វើនេះបានរំលោភលើអធិបតេយ្យភាពនៅប្រជុំកោះស៊ីសានិងលំហសមុទ្រពាក់ព័ន្ធរបស់វៀតណាម ហើយបានអំពាវនាវអ្នកនេសាទឱ្យបង្កើនផលិតកម្មនិងគាំពារយ៉ាងមុតមាំនូវសិទ្ធិស្របច្បាប់របស់ខ្លួន ។ លោកZhao Lijianបានឆ្លើយតបនឹងសំណួរពាក់ព័ន្ធដូចខាងលើនេះ ។
ជាងនេះទៅទៀត លោកZhao Lijian បានលើកឡើងទៀតថា ប្រជុំកោះស៊ីសាជាទឹកដីរបស់ប្រទេសចិន ដែលមិនអាចប្រកែកបាន ។ យោងតាមច្បាប់អន្តរជាតិនិងច្បាប់ចិន ប្រទេសចិនមានអធិបតេយ្យភាពនិងសិទ្ធិគ្រប់គ្រងនៅលំហសមុទ្រពាក់ព័ន្ធនៃសមុទ្រចិនខាងត្បូង ៕
អ្នកបកប្រែ:Zhai Qianqian