គិតរហូតដល់ថ្ងៃទី ២៣ ខែឧសភា នៅទូទាំងពិភពលោកមានអ្នកឆ្លងវីរុសកូវីដ១៩លើសពី៥១០ម៉ឺននាក់ ក្នុងនោះអ្នកស្លាប់មានចំនួនជាង៣៣ ម៉ឺននាក់ ។ ប្រឈមនឹងការរីករាលដាលដ៏សាហាវនៃជំងឺឆ្លង ការវិវឌ្ឍនៃការងារសិក្សាស្រាវជ្រាវវ៉ាក់សាំងបានទទួលការយកចិត្តទុកដាក់ខ្ពស់ជាទូទៅនៅលើពិភពលោក ។
ថ្ងៃទី ២២ ខែឧសភា ក្រុមការងារសិក្សាស្រាវជ្រាវនៃប្រទេសចិនបានផ្សាយលទ្ធផលស្តីពីការធ្វើតេស្តវ៉ាក់សាំងវីរុសកូវីដ១៩លើមនុស្សលើកដំបូង ក្នុងទស្សនាវដី្តវេជ្ជសាស្ត្រ The Lancet នៃប្រទេសអង់គ្លេស ដោយបានប្រកាសថា លទ្ធផលធ្វើតេស្តលើមនុស្សជាដំណាក់កាលទីមួយ គឺបង្ហាញសញ្ញាសុវត្ថិភាព ថែមទាំងអាចឱ្យមនុស្សបង្កើតប្រព័ន្ធស៊ាំយ៉ាងរហ័ស ។ លោក Yao Zihe សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងជាបណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានអះអាងថា គ្មានអ្វីគួរឱ្យសង្ស័យឡើយ ការងារសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រនៃប្រទេសចិនបានផ្តល់ភស្តុតាងបែបវិទ្យាសាស្ត្រដ៏សំខាន់ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅផ្ទៃអន្តរជាតិ ។
ក្នុងពេលដែលចិនបានប្រកាសពីលទ្ធផលសិក្សាស្រាវជ្រាវ លោក Richard Horton និពន្ធនាយកនៃទស្សនាវដី្ត The Lancet ក៏បានបង្ហោះព័ត៌មាននេះតាមបណ្តាញទំនាក់ទំនងសង្គមផងដែរ ព្រមទាំងបានកោតសរសើរថា នេះគឺជាសមិទ្ធផលជានិមិត្តសញ្ញាដ៏សំខាន់មួយ ។
កាសែត New York Times បានវិភាគចំពោះលទ្ធផលនេះថា ការនេះគឺជាពិសោធន៍ជាជំហ៊ានទីមួយនៃការធ្វើតេស្តវ៉ាក់សាំង ក្នុងគោលបំណងបញ្ជាក់ពីសុវត្ថិភាពរបស់វ៉ាក់សាំង ។ បើសិនជាបញ្ជាក់ថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព នោះត្រូវការធ្វើតេស្តលើមនុស្សកាន់តែច្រើនទៀត ៕
អ្នកបកប្រែ:Guo Xiangqing