រឿងរ៉ាវរបស់ប្រជាជនដែលលោកស៊ីជីនភីងបានយកចិត្តទុកដាក់ក្នុងអំឡុងពេលបើកមហាសន្និបាតនៃសភាទាំងពីរប្រទេសចិនប្រចាំឆ្នាំ២០២០

2020-05-28 17:59:26 |ប្រភព:CRI

តាំង​ពី​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៨​មក លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ចាត់​ទុក​”ការ​រំពឹង​ទុក​ចំពោះ​ជីវភាព​ល្អ​បវរ​របស់​ប្រជាជន”​ជា​គោល​ដៅ​កាន់​អំណាច​របស់​បក្ស​កុម្មុយនិស្ត​ចិន​ជាប់​រហូត។

ក្នុង​ថ្ងៃ​ទី​១​នៃ​ការ​បើក​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន លោក​ស៊ីជីនភីង​បាន​អញ្ជើញ​ចូល​រួម​ការ​ពិគ្រោះ​ពិភាក្សា​របាយការណ៍​ការ​ងារ​រដ្ឋាភិបាល​ជា​មួយ​តំណាង​ប្រជាជន​នៃ​គណៈប្រតិភូ​តំណាង​ប្រជាជន​ខេត្ត​ម៉ុងហ្គោលី​ក្នុង។ លោក​ស៊ីជីន​ភីង​បាន​លើក​ឡើង​ពី​សំណួរ​តែ​មួយ​ជា​ច្រើន​លើក​គឺ​”ជំងឺ​ឆ្លង​ឆ្នាំ​នេះបាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ខ្លាំងទេ?”

ប្រឈម​នឹង​ការ​វាយ​ប្រហារយ៉ាង​ខ្លាំង​ពី​ជំងឺ​ឆ្លង លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ថា ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ប្រជាជន​យ៉ាង​ជិត​ស្និទ្ធ ត្រូវ​ប្រមូល​ផ្តុំ​កម្លាំង​កាយ​ចិត្ត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាក់​ស្តែង​ខាង​វិស័យ​ការ​ងារ អប់រំ ការធានាក្នុងសង្គម​ សុខាភិបាល ការ​ស្នាក់​នៅ​និង​ការ​ចិញ្ចឹមជីវិតក្នុងវ័យជរាជា​ដើមដែល​ជា​បញ្ហា​ប្រជាជន​បាន​យក​ចិត្ត​ទុក​ដាក់ ខំ​ប្រឹងធ្វើ​ឱ្យ​ប្រជាជន​មើល​ឃើញ​ពី​ការ​ប្រែ​ប្រួលនិង​ទទួល​បាន​ផល​ប្រយោជន៍​ជាក់​ស្តែង ។

ជា​និច្ចកាល ប្រជាកសិករ​រាប់​រាយ​លាន​នាក់​តែង​តែ​ជា​ការ​នឹក​នា​របស់​លោកស៊ី​ជីន​ភីង ។ លោក​ស៊ីជីនភីង​យល់​ឃើញ​ថា នៅ​ឆ្នាំ​២០២០ ប្រទេស​ចិន​មិន​ត្រឹម​តែ​ត្រូវ​ខំ​ប្រឹង​ពុះ​ពារ​ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​១៩​ ដើម្បីយក​ឈ្នះ​ទាំង​ស្រុង​លើ​យុទ្ធនា​ការ​ពុះពារ​ឧបសគ្គ​ក្នុង​ការ​លុប​បំបាត់​ភាពក្រីក្រ​ប៉ុណ្ណោះទេ ថែម​ទាំង​ត្រូវ​បន្ត​ជំរុញ​យ៉ាង​ខ្លាំង​នូវ​ការ​ធ្វើ​ទំនើបភាវូបនីយកម្ម​កសិកម្មក្នុង​បរិបទ​ថ្មី ដើម្បីធ្វើ​ឱ្យ​កសិករ​សម្រេច​បាន​នូវ​ជីវភាព​​ធូរ​ធារ​ដូចអ្នក​ក្រុងដែរ ។

បន្ទាប់​ពី​កើត​មាន​ជំងឺ​ឆ្លង លោក​ស៊ីជីនភីង​បាន​ផ្តល់​អនុសាសន៍​ជា​ច្រើន​លើក​ឱ្យ​ខំ​ប្រឹង​ពេញ​ទំហឹង​ក្នុង​ការ​ជួយ​សង្រ្គោះ​អ្នក​ជំងឺ​គ្រប់​រូប។ ទាក់​ទិន​នឹង​បញ្ហា​ឱកាស​ការងារ​ ការ​ចូល​រៀន ការធានាក្នុង​សង្គម​និង​ការ​ស្តារ​សុខភាពផ្លូវ​ចិត្ត​ជា​ដើម​របស់​ប្រជាជន​ខេត្ត​ហ៊ូប៉ី​ចំនួន​៦០លាន​នាក់ លោក​យក​ចិត្ត​ទុក​ដាក់​ក្រៃ​លែងដោយ​បាន​បញ្ជា​ឱ្យ​អនុវត្ត​វិធានការ​មួយ​ចំនួន​ដែល​មជ្ឈិម​បក្ស​បាន​ដាក់​ចេញ​ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍរបស់​ខេត្ត​ហ៊ូប៉ី ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​គ្រប់​មជ្ឈិដ្ឋាន​នៃ​ខេត្ត​ហ៊ូប៉ីឱ្យ​ប្រកាន់​ស្មារតី​ឧស្សាហ៍ព្យាយាមផង​ដែរ ៕

 

អ្នកបកប្រែ:Zhneg Lei