លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Angela Dorothea Merkel នាយករដ្ឋមន្រ្តីអាល្លឺម៉ង់កាលពីយប់ថ្ងៃទី ៣ ខែមិថុនា។
ថែ្លងក្នុងកិច្ចជំនួប លោក ស៊ីជីនភីង បានលើកឡើងថា ប្រទេសចិនសូមសម្តែងការកោតសរសើរដល់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការប្រកាន់ខ្ជាប់នូវគោលជំហរប្រកបដោយសត្យានុម័ត វិចារណញ្ញាណនិងគោរពតាមការសិក្សាបែបវិទ្យាសាស្ត្រលើបញ្ហារីករាលដាលជំងឺឆ្លង។ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសអាល្លឺម៉ង់ដើម្បីគាំទ្រដល់ការងាររបស់អង្គការសុខភាពពិភពលោកនិងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិនិងប្រទេស G20 ក៏ដូចជារួមគ្នាគាំទ្រដល់បណ្តាប្រទេសអាហ្វ្រិកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងនេះដើម្បីចូលរួមចំណែកក្នុងការគាំពារសន្តិសុខសុខាភិបាលសាធារណៈទូទាំងពិភពលោក។
លោក ស៊ីជីនភីង បានលើកឡើងទៀតថា ប្រទេសចិននិងអាល្លឺម៉ង់បានរក្សានូវទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយស្ថិរភាពនិងល្អប្រសើរ។ប្រទេសចិនរីករាយរក្សាការប្រាស្រ័យទាក់ទងគ្នានិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាល្លឺម៉ង់និងអឺរ៉ុបដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់ ក៏ដូចជាចិននិងអឺរ៉ុបឱ្យឈានដល់កម្រិតថ្មីថែមទៀត។
ជាការឆ្លើយតប លោកស្រី Angela Dorothea Merkel បានថ្លែងថា ភាគីអាល្លឺម៉ង់សូមវាយតម្លៃខ្ពស់ចំពោះការប្រកាសរបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង ដែលបានលើកឡើងថា វ៉ាក់សាំងដែលផលិតដោយប្រទេសចិននឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផលិតផលសុខាភិបាលសាធារណៈនៅទូទាំងពិភពលោក។អាល្លឺម៉ង់រីករាយក្នុងការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនដើម្បីជំរុញរបៀបវារៈសំខាន់ៗរវាងអាល្លឺម៉ង់និងចិន ក៏ដូចជារវាងអឺរ៉ុបនិងចិនព្រមទាំងជំរុញទំនាក់ទំនងរវាងអាល្លឺម៉ង់និងចិន ក៏ដូចជារវាងអឺរ៉ុបនិងចិនឱ្យឈានដល់កម្រិតខ្ពស់ថែមទៀត៕
អ្នកបកប្រែ:Wei Wei