លោកស៊ីជីនភីងប្រធានរដ្ឋចិននិងលោកRodrigo Duterteប្រធានាធិបតីហ្វីលីពីនផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបទី៤៥នៃការបង្កើតទំនាក់ទំនងការទូតប្រទេសចិននិងហ្វីលីពីន

2020-06-10 17:37:16 |ប្រភព:CRI

ថ្ងៃទី​៩​ ខែមិថុនា លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​និង​លោក​Rodrigo ​Duterte​ប្រធានាធិបតី​ហ្វីលីពីន​បាន​ផ្ញើសារលិខិតជូនពរ​ទៅវិញ​ទៅមក​ ដើម្បី​អបអរសាទរ​ខួបទី​៤៥​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ចិន​និង​ហ្វីលីពីន។​

នៅ​ក្នុង​សារលិខិត​ជូនពរ លោកស៊ីជីនភីង​បាន​គូសបញ្ជាក់​ថា​ ​ប្រទេស​ចិន​និង​ហ្វីលីពីន​ជា​ប្រទេស​ជិត​ខាង​ដ៏​មេត្រីភាព​។​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ​​ទំនុកចិត្ត​ទៅវិញ​ទៅមក​ផ្នែក​គោលនយោបាយ​​រវាង​ប្រទេស​ចិន​និង​ហ្វីលីពីន​មាន​ភាពកាន់​តែ​ស៊ីជម្រៅ ​ការ​រួមគ្នា​កសាង​ខ្សែក្រវាត់និងផ្លូវ​​មាន​សមិទ្ធផល​យ៉ាង​ច្រើន​ បាន​​រួមចំណែក​យ៉ាង​សកម្ម​ដល់​ការ​អភិវឌ្ឍ​ដោយ​ស្ថិរភាព​ក្នុង​តំបន់​ ​ព្រមទាំង​បាន​​ជំរុញ​ទំនាក់​ទំនង​សហប្រតិបត្តិការជា​​ខាង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ចិន​និង​ហ្វីលីពីន​ឱ្យ​បោះជំហាន​ទៅមុខ​ឥតឈប់ឈរ។​ភាគី​ចិន​ទទួល​អារម្មរណ៍​ពី​ទុក្ខ​លំបាក​ដូច​គ្នា​ចំពោះ​ហ្វីលីពីន​ដែល​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ​-១៩​ដែរ​ ហើយ​រីករាយ​ធ្វើ​កិច្ច​ខិតខំប្រឹងប្រែង​រួមគ្នា​ជាមួយ​ហ្វីលីពីន ដើម្បី​ប្រកៀកស្មា​គ្នា​ឆ្លងកាត់​ការ​លំបាក​។

ដោយឡែក​ លោក​Rodrigo ​Duterte​បាន​ថ្លែង​ក្នុង​សារលិខិត​ថា​ ​បច្ចុប្បន្ន ​សន្តិសុខ​និង​ស្ថិរភាព​លើ​ពិភពលោក​បន្ត​ប្រឈមមុខ​នឹង​បញ្ហា​ ​ការ​គំរាម​កំហែង​ខាង​សន្តិសុខ​មិន​មែន​ប្រពៃណី​ ដូច​ជា​ជំងឺ​កូវីដ​-១៩​ជា​ដើម​កាន់​តែ​លេចធ្លោ​ ដូច្នេះ​ការ​​បង្កើន​ទំនាក់​ទំនងភាព​ជា​ដៃគូ​រវាង​ហ្វីលីពីន​និងប្រទេស​ចិន​ថែមមួយ​កម្រិត​ទៀត​គឺ​មាន​សារៈ​សំខាន់​ណាស់​។​ភាគី​ហ្វីលីពីន​ចាត់ទុក​ភាគី​ចិន​ជា​ប្រទេស​ជិត​ខាង​យ៉ាង​ជិតស្និទ្ធ​និង​ជា​ដៃគូ​សំខាន់​ ​រីករាយ​ធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កាន់​តែ​ស៊ីជម្រៅ ដើម្បី​ជំរុញ​សន្តិភាព​ វឌ្ឍនភាព​​និង​ភាព​រុងរឿង​នៃ​​ប្រទេស​ទាំង២៕

 

អ្នកបកប្រែ:Liu Yan