នៅវេលាម៉ោង១៦ថ្ងៃទី១២ខែកក្កដា កម្ពស់ទឹកនៅមាត់បឹងបួយ៉ាងបានឡើងជិតដល់២២,៥០ម៉ែត្រដែលជាកម្ពស់ទឹកប្រកាសអាសន្ន អនុលោមតាមការកំណត់ពាក់ព័ន្ធនៃ«ផែនការគ្រោងទុកបន្ទាន់សម្រាប់ការបង្ការនិងទប់ទល់នឹងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាតិចិន» បន្ទាប់ពីធ្វើការពិគ្រោះពិភាក្សានិងការវិនិច្ឆ័យ អគ្គបញ្ជាការដ្ឋានជាតិបង្ការនិងទប់ទល់គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតចិនសម្រេចដំឡើងកម្រិតឆ្លើយតបបន្ទាន់នឹងគ្រោះទឹកជំនន់ពីកម្រិត៣ដល់កម្រិត២ ព្រមទាំងចេញសេចក្តីជូនដំណឹងចំពោះតំបន់ពាក់ព័ន្ធ តម្រូវឱ្យតំបន់នានាតាមដានយ៉ាងដិតដល់ចំពោះបម្រែបម្រួលនៃសភាពការណ៍ទឹកភ្លៀងនិងទឹកជំនន់ ហើយកែសម្រួលកម្រិតឆ្លើយតបបន្ទាន់ដោយទាន់ពេលវេលា។ អគ្គបញ្ជាការដ្ឋានជាតិបង្ការនិងទប់ទល់គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតចិននិងក្រសួងគ្រប់គ្រងការឆ្លើយតបបន្ទាន់នឹងចាត់បញ្ជូនក្រុមការងារនិងក្រុមអ្នកជំនាញដែលដឹកនាំដោយអ្នកដឹកនាំថ្នាក់រដ្ឋមន្រ្តីទៅកាន់ខេត្តជាំងស៊ីជាដើម ដើម្បីណែនាំការងារបង្ការគ្រោះទឹកជំនន់និងជួយសង្រ្គោះ។
គិតមកទល់វេលាម៉ោង១២ថ្ងៃទី១២ខែកក្កដា គ្រោះទឹកជំនន់ដែលកើតឡើងក្នុងឆ្នាំនេះបានបណ្តាលឱ្យមនុស្សចំនួន៣៧លាន៨សែន៩ម៉ឺននាក់នៃខេត្តក្រុងចំនួន២៧ដូចជាខេត្តជាំងស៊ី អានហ៊ុយ ហ៊ូប៉ីនិងហ៊ូណានជាដើមរងផលប៉ះពាល់ មនុស្ស១៤១បាក់ស្លាប់បាត់បង់ជីវិតឬបាត់ខ្លួន និងប្រជាជនចំនួន២លាន២សែន៤ម៉ឺន៦ពាន់នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពជាបន្ទាន់ ៕
អ្នកបកប្រែ:Zheng Lei