ថ្ងៃទី ១៥ ខែកក្កដា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្ញើលិខិតឆ្លើយតបសមាជិកនៃគណៈកម្មាធិការនាយកប្រតិបតិ្តទូទាំងពិភពលោក ដោយបានកោតសរសើរសមាជិកគ្រប់រូបដែលមានជំនឿចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍដោយសន្តិភាពនិងការអភិវឌ្ឍដោយបើកទូលាយរបស់ប្រទេសចិន ហើយសន្យាថានឹងបន្តប្រកបអាជីវកម្មនៅប្រទេសចិន ព្រមនឹងលើកឡើងសំណើប្រកបដោយភាពស្ថាបនាចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសចិនផងដែរ ។
ថ្លែងក្នុងលិខិតឆ្លើយតប លោកស៊ី ជីនភីង បានលើកឡើងថា បច្ចុប្បន្ន ប្រទេសចិនបាននិងកំពុងរៀបចំចាត់ចែងការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ក៏ដូចជាការងារអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក្នុងន័យទទួលបានជោគជ័យក្នុងកិច្ចកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ និងយកឈ្នះក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រផងដែរ ។ ប្រទេសចិននឹងបន្តធ្វើកំណែទម្រង់ឱ្យមានភាពកាន់តែស៊ីជម្រៅ ពង្រីកការបើកទូលាយ បង្កើតបរិយាកាសប្រកបអាជីវកម្មកាន់តែល្អប្រសើរសម្រាប់សហគ្រាសចិននិងបរទេសធ្វើការវិនិយោគនិងអភិវឌ្ឍ ស្វែងរកកាលានុវត្តភាពនិងអនាគតកាន់តែល្អប្រសើរ ។ ប្រការដែលអស់លោក លោកស្រីបន្តធ្វើអាជីវកម្មនៅប្រទេសចិនជាជម្រើសដ៏ត្រឹមត្រូវណាស់ ។
សូមបញ្ជាក់ថា គណៈកម្មាធិការនាយកប្រតិបតិ្តទូទាំងពិភពលោក បានបង្កើតឡើងដោយក្រុមហ៊ុនឆ្លងដែនចំនួន៣៩ ដែលជាក្រុមហ៊ុនប្រកបដោយភាពជាតំណាងនិងភាពនាំមុខក្នុងមុខរបរជាសកល ។ នាពេលថ្មីៗកន្លងទៅនេះ នាយកប្រតិបតិ្ត១៨រូបនៃគណៈកម្មាធិការនេះបានសរសេរសំបុត្រជូនលោក ស៊ី ជីនភីងប្រធានរដ្ឋចិន ក្នុងន័យកោតសរសើរពីប្រទេសចិនដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងបានយ៉ាងឆាប់រហ័ស ព្រមទាំងបានស្តារផលិតកម្មឡើងវិញមុនគេ ក្រោមការដឹកនាំយ៉ាងមុតមាំរបស់លោក ស៊ី ជីនភីង ដែលបានដើរតួនាយ៉ាងសកម្មក្នុងការគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល និងរក្សាស្ថិរភាពសេដ្ឋកិច្ចជាសកលផងដែរ ៕
អ្នកបកប្រែ:Guo Xiangqing