#CCFRComment#​បទវិភាគ​៖ការប៉ុនប៉ង​ចង់បង្ករឿងហេតុ​នៅ​សមុទ្រ​ចិន​ខាងត្បូងរបស់​អ្នក​នយោ​បាយអាមេរិក ដូចជា​លោក ​Pompeo ជាដើម​មុខ​ជា​នឹង​បរាជ័យ​ជាមិនខាន​

2020-07-20 16:50:05 |ប្រភព:CRI

នាពេលថ្មីៗ​កន្លងទៅនេះ ​បញ្ហាសមុទ្រ​ចិន​ខាងត្បូង​បាន​ឡើង​កម្តៅ​ម្តង​ទៀត។​លោក ​Pompeo ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី ​១៣ ​ខែ​កក្កដា ​តាមម៉ោង​សហរដ្ឋអាមេរិក​ដោយ​អះអាងថា ​ការទាមទារ​សិទ្ធិ​និង​ការផ្តើមគំនិត​របស់​ទីក្រុងប៉េកាំង​លើ​ប្រភព​ធនធាន​សមុទ្រចិន​ខាងត្បូង ​គឺ​"មិនស្រប​ច្បាប់​ទាំងស្រុង​"។​មនុស្ស​ស្ទើរតែ​គ្រប់ៗគ្នា​ទាំងអស់​សុទ្ធ​តែ​បានដឹងថា ​នេះ​គឺជា​ទង្វើចុងក្រោយ​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ខណៈពេលពិសេស​មួយ ​ជាពិសេស ​លោក ​Pompeo ​មានចេតនា​អុជ​អាល​បំបែកបំបាក់​ទំនាក់ទំនង​រវាង​ចិន​និង​អាស៊ាន!​ យ៉ាងណាមិញ ​ គោលជំហរ​របស់​ប្រទេស​អាស៊ាន​មួយចំនួន​លើ​បញ្ហា​សមុទ្រចិន​ខាងត្បូង​ធ្វើ​ឱ្យ​ទង្វើ​របស់​លោក ​Pompeo ​ត្រូវរង​ការ​វាយ​បុក​យ៉ាង​ខ្លាំងក្លា​ ។​

លោក ​Locsin ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ហ្វីលីពីន​បាន​សង្កត់​ធ្ងន់​ម្តងទៀត​នាពេល​ថ្មីៗនេះ​អំឡុងពេល​ជួបពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​លោកវ៉ាងអ៊ី ​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការរដ្ឋ​និង​ជា​រដ្ឋមន្រ្តីក្រសួង​ការបរទេស​ចិន​ថា ​ភាគី​ហ្វីលីពីន​រីក​រាយ​បន្ត​ធ្វើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ដោះ​ស្រាយ​ឱ្យ​បាន​ល្អ​នូវ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​តាម​រយៈ​ការ​ពិគ្រោះ​ពិភាក្សា​ដោយ​មេត្រីភាព​រវាង​ទ្វេភាគី ​ជំរុញ​យ៉ាង​សកម្ម​នូវ​កិច្ច​សហប្រតិបត្តិការ​តាម​សមុទ្រ​ដើម្បី​រួម​គ្នា​គាំពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។​ព្រមពេល​ជាមួយគ្នានេះ ​លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បាន​ជួបពិភាក្សា​តាម​ទូរស័ព្ទ​ដោយឡែក​ពីគ្នា​ជាមួយ​លោក ​Prayuth នាយករដ្ឋមន្រ្តីថៃ​និង​លោក ​Lee ​Hsien ​Loong ​នាយករដ្ឋមន្រ្តី​សិង្ហបុរី​។ភាគីទាំង ​៣ ​សុទ្ធតែ​បាន​សង្កត់ធ្ងន់​នូវ​ភាពចាំបាច់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​និង​គាំ​ពារ​សន្តិភាព​និង​ស្ថិរភាព​ក្នុងតំបន់ ​ជាពិសេស​ក្នុង​បរិបទ​នៃ​សភាពការណ៍​ជំងឺឆ្លង​នា​ពេល​បច្ចុប្បន្ន ​កាន់តែ​ត្រូវ​រួម​សុខ​រួម​ទុក្ខនិង​ជួយគ្នា​ទៅវិញ​ទៅមក​ដើម្បី​រួមគ្នា​ពុះពារ​ការ​លំបាក​។​សម្តេច​តេជោ ហ៊ុនសែន ​នាយករដ្ឋមន្រ្តី​កម្ពុជា​ក៏​បាន​ថែ្លង​ជា​ច្រើន​លើក​ថា ​"លោក​គាំទ្រ​ប្រទេស​ពាក់ព័ន្ធ​ដោះស្រាយ​វិវាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ​សន្តិវិធី"​និង​ប្រឆាំង​ការចូល​ជ្រៀតជ្រែក​ពី​កម្លាំង​បរទេស។​

នាពេល​បច្ចុប្បន្ននេះ ​ទន្ទឹមនឹង​ការបង្កើត​យន្តការ​ពិគ្រោះពិភាក្សា​លើ​បញ្ហា​ដែនសមុទ្រ​រវាង​ចិន​និង​ហ្វីលីពីន ​ចិន​និង​ម៉ាឡេស៊ី ​ក៏​ដូច​ជា​ចិន​និង​វៀតណាម នៅក្រោម​ការខិតខំ​ប្រឹង​ប្រែង​រួម​របស់​ចិន​និង​បណ្តាប្រទេស​អាស៊ាន ​ស្ថានការណ៍​សមុទ្រចិន​ខាងត្បូង​មាន​ស្ថិរភាព​ជា​ទូទៅដែល​បាន​បង្ហាញ​ឱ្យ​​ឃើញ​នូវ​ភាព​ល្អ​ប្រសើរ។​ បច្ចុប្បន្ន ការពិគ្រោះ​ពិភាក្សា​ពាក់​ព័ន្ធ​នឹង​"ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង"​រវាង​ចិន​និង​បណ្តាប្រទេស​អាស៊ាន​នានា​បាន​ឈាន​ចូល​ដំណាក់​កាលទី ​២ ​នៃ​ការ​ពិនិត្យ​ពិភាក្សា​ដែល​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​របស់​គ្រប់​ភាគី​ទាំងអស់​ក្នុង​ការ​រួម​គ្នា​គាំពារ​សន្តិភាព​និង​ស្ថិរភាព​ព្រមទាំង​សេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។

 ប្រទេសចិន​និង​បណ្តាប្រទេស​អាស៊ាន​នានា​មានសមត្ថភាព​និង​មាន​ពុទ្ធិក្នុង​ការ​ដោះ​ស្រាយ​ឱ្យ​បាន​ល្អ​នូវ​បញ្ហា​របស់​ខ្លួន ​ មិន​ត្រូវការ​ហើយ​ក៏​មិន​អនុញ្ញាតឱ្យ​ប្រទេស​នៅ​ក្រៅ​តំបន់​ណាមួយ​មក​ជ្រៀតជ្រែក​នោះ​ទេ។​ឧបាយកល​ប៉ុនប៉ង​របស់​អ្នកនយោបាយអាមេរិក​ ដូចជា​លោក ​Pompeo ជាដើម​ដែល​បង្ក​រឿងហេតុ​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​បំផ្លិចបំផ្លាញ​ទំនាក់​ទំនង​ប្រកបដោយ​ស្ថិរភាពរវាងចិន​និង​បណ្តាប្រទេស​អាស៊ាន​ ​ក៏ដូចជា​បន្ត​ទប់ស្កាត់​ការអភិវឌ្ឍ​របស់​ប្រទេសចិន​មុខជា​នឹង​បរាជ័យ​ជាមិនខាន!

អ្នកបកប្រែ:Sun Lingling