ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីជាគ្រឹះស្ថានអភិវឌ្ឍន៍ពហុភាគីអន្តរជាតិបែបថ្មីដែលមានទីស្នាក់ការទូទៅនៅទីក្រុងប៉េកាំង ហើយក៏ជាព្រឹតិ្តការណ៍ដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងការចូលរួមនិងគាំទ្រយ៉ាងសកម្មនូវប្រព័ន្ធអភិបាលកិច្ចជាសកលផងដែរ។តាំងពីត្រូវបានបង្កើតឡើងអស់រយៈជាង៤ឆ្នាំមក ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ពីសមាជិកស្ថាបនិកចំនួន ៥៧ ប្រទេសនៅពេលដំបូង អភិវឌ្ឍដល់មានសមាជិក១០២ប្រទេសនាពេលបច្ចុប្បន្នដែលមកពីទ្វីបចំនួន៦ ដែលបានផ្តល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងតម្លៃជិត២ម៉ឺនលានដុល្លារអាមេរិក។ បន្ទាប់ពីកើតឡើងជំងឺកូវីដ១៩ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានបង្កើតយ៉ាងឆាប់រហ័សនូវ”មូលនិធីស្តារវិបត្តិជំងឺកូវីដ១៩ឡើងវិញ”ដែលមានទំហំសរុបក្នុងរយៈពេលដំបូងចំនួន១ម៉ឺនលានដុល្លារអាមេរិក បន្ទាប់មកបានបន្ថែមទៅដល់១ម៉ឺន៣ពាន់លានដុល្លារអាមេរិក។ហិរញ្ញប្បទានជាបន្ទាន់នេះបានបង្ហាញឱ្យឃើញនូវភាពរស់រវើកនិងប្រសិទ្ធភាពខ្ពស់របស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលជាធនាគារអភិវឌ្ឍន៍ពហុភាគីក្នុងការទប់ទល់នឹងវិបត្តិសុខាភិបាលសាធារណៈជាសកល ហើយក៏បានបញ្ជាក់ម្តងទៀតថា “មានតែការជួយយកអាសាគ្នាទៅវិញទៅមក ការសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការ ទើបជាវិធីត្រឹមត្រូវសម្រាប់យកឈ្នះលើវិបត្តិ”។
កាលពីថ្ងៃទី២៨ខែ កក្កដា ពេលថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើកសន្និសីទប្រចាំឆ្នាំតាមប្រព័ន្ធវីដេអូនៃក្រុមប្រឹក្សាអាណត្តិទី៥នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
លោកស៊ីជីនភីងប្រធានរដ្ឋចិនបានលើកឡើងថា ធនាគារនេះគួរក្លាយជាវេទិកាថ្មីដើម្បីជំរុញការអភិវឌ្ឍរួមរបស់បណ្តាប្រទេសជាសមាជិកនិងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ ក្រោមបរិបទដែលបានផ្ទុះរាលដាលជំងឺកូវីដ១៩និងស្ថានការណ៍សេដ្ឋកិច្ចអន្តរជាតិមានភាពតានតឹងនិងស្មុគស្មាញ “គំនិតផ្តួចផ្តើមរបស់ចិន”បានបញ្ចេញសំឡេងខ្លាំងក្លាដើម្បីគាំទ្រយ៉ាងមុតមាំចំពោះពហុភាគីនិយមដែលបានបង្ហាញនូវសេចក្តីអង់អាចក្លាហាននិងទំនួលខុសត្រូវរបស់ប្រទេសចិន។
លោក Waleed Gaballah សាស្រ្តាចារ្យច្បាប់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃសកលវិទ្យាល័យគែរនៃប្រទេសអេហ្ស៊ីបបានវាយតម្លៃថា ការបង្ហាញឥរិយាបថដ៏សំខាន់របស់លោកប្រធានរដ្ឋចិនស៊ីជីនភីងបានបញ្ជាក់ម្តងទៀតពីភាពសំខាន់នៃពហុភាគីនិយមនិងការអភិវឌ្ឍជាមួយគ្នា ជឿជាក់ថា នឹងបន្តជំរុញដល់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការអភិវឌ្ឍ។
ក្នុងនាមជាម្ចាស់ភាគហ៊ុនដ៏សំខាន់និងប្រទេសជាម្ចាស់ផ្ទះនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ប្រទេសចិននឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយរដ្ឋសមាជិកនានា ដើម្បីលើកកម្ពស់កម្រិតហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ីរហូតដល់ពិភពលោកទាំងមូលនិងកម្រិតតភ្ជាប់គ្នា ក្នុងន័យរួមចំណែកកាន់តែធំក្នុងការជំរុញការងើបឡើងវិញនិងការអភិវឌ្ឍជាបន្តបន្ទាប់នៃសេដ្ឋកិច្ចជាសកល៕
អ្នកបកប្រែ:Guo Xiangqing