លោក លីខឺឈាង នាយករដ្ឋមន្ត្រីចិនប្រកាសថា ចិននឹងចែករំលែកព័ត៌មានគ្រប់គ្រងធនធានទឹកទូទាំងឆ្នាំនៃទន្លេឡានឆាងជាមួយប្រទេសតាមបណ្តោយទន្លេមេគង្គ

2020-08-24 17:47:51 |ប្រភព:CRI

ថ្ងៃទី ២៤ ខែ​សីហា ក្នុងកិច្ច​ប្រជុំកំពូល​ស្តីពី​​កិច្ច​សហប្រតិបតិ្តការ​ឡានឆាង​-​មេគង្គលើក​ទីបី លោក​លី​ខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​បាន​លើក​ឡើងនៅក្រុង​ប៉េកាំង​​ថា ប្រទេស​ទាំង​៦​នៅ​តាម​បណ្តោយ​ទន្លេ​ឡានឆាងនិង​មេគង្គ​ជា​សហគមន៍​រួម​វាសនា​តែ​មួយដ៏​ពិត​ប្រាកដ ។ តាំង​ពីយន្តការ​កិច្ច​សហប្រតិបតិ្តការ​ឡានឆាង​-មេគង្គ​បាន​បង្កើត​ឡើង​រយៈ​ពេល​ជាង​៤​ឆ្នាំ​មក​ ពួកយើង​បាន​ជំរុញ​ឱ្យ​កិច្ច​សហប្រតិបតិ្តការ​ធនធានទឹក​ឈាន​ចូល​ផ្លូវ​​ល្បឿនលឿន​​ ។

លោក លីខឺឈាង បាន​គូស​បញ្ជាក់​ទៀត​ថា យើង​ត្រូវ​គោរព​ឱ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​និង​ផល​ប្រយោជន៍ ស្រប​ច្បាប់​របស់​បណ្តា​ប្រទេស​នានា​លើ​វិស័យ​​អភិវឌ្ឍន៍ ប្រើប្រាស់​ធនធាន​ទឹក​ដោយ​សមហេតុ​សមផល និង​គិត​ពិចារណា​ដល់​ផលប្រយោជន៍​និង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​គ្នា​ទៅវិញទៅមក ។ ចាប់​ពី​ឆ្នាំ​នេះ​តទៅ ប្រទេស​ចិន​នឹង​​ចែក​រំលែក​ព័ត៌មាន​ស្តីពី​ការ​គ្រប់​គ្រង​ធនធាន​ទឹក​ទូទាំង​ឆ្នាំ​នៃ​ទន្លេ​ឡានឆាង​ជា​​​​មួយ​ប្រទេស​តាម​បណ្តោយ​ទន្លេ​មេគង្គ ក្នុង​ន័យ​រួម​គ្នា​បង្កើត​វេទិកា​ចែក​រំលែក​ព័ត៌មាន​លើ​វិស័យ​កិច្ច​សហប្រតិបតិ្តការ​ធនធានទឹក​ ដើម្បី​ទប់​ទល់​ឱ្យ​បាន​ល្អ​នូវបញ្ហា​​បម្រែ​បម្រួល​អាកាសធាតុ​ គ្រោះ​ទឹក​ជំនន់​និង​​គ្រោះ​រាំង​ស្ងួត ៕

 

អ្នកបកប្រែ:Guo Xiangqing