គ្រោងផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបតិ្តការ កសាងសហគមន៍រួមវាសនានៃប្រទេសតាមដងទន្លេឡានឆាង-មេគង្គ

2020-08-25 18:14:36 |ប្រភព:CRI

កិច្ច​ប្រជុំ​កំពូល​ស្តីពី​កិច្ច​សហប្រតិបតិ្តការ​ឡានឆាង​-មេគង្គ​លើក​ទី​បី​បាន​ប្រារព្ធ​ធ្វើនៅ​​ថ្ងៃទី​២៤ ខែ​សីហា លោក លីខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​បាន​ចូល​រួម​កិច្ច​ប្រជុំ​​តាម​រយៈ​ប្រព័ន្ធវីដេអូនៅ​ក្រុង​ប៉េកាំង ។ ឥស្សរជន​នៃ​ប្រទេស​ជា​ច្រើន​សម្គាល់​ឃើញ​ថា កិច្ច​ប្រជុំ​លើក​នេះ​បាន​គ្រោង​ផែនទីបង្ហាញផ្លូវ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​កិច្ច​សហប្រតិបតិ្តការ​​​នៃ​ប្រទេស​ទាំង​៦​តាម​ដង​ទន្លេ​ឡានឆាង​និង​មេគង្គ​នៅ​ពេល​អនាគត ប្រការ​នេះ​មាន​អំណោយ​ផល​ដល់​ការ​ជំរុញ​ឱ្យ​ប្រទេស​ទាំង​៦​បង្កើន​ទំនាក់​ទំនង​ភាព​ជា​ដៃគូ ធ្វើ​ឱ្យ​កិច្ច​សហប្រតិបតិ្តការ​ជាក់​ស្តែង​លើ​គ្រប់​វិស័យ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ក្នុង​ន័យ​រួម​គ្នា​ទល់​ទប់​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ដើម្បី​ជំរុញ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សង្គម​ ក៏​ដូច​ជា​រួម​គ្នា​បង្កើត​សហគមន៍​រួម​វាសនា​របស់​ប្រទេស​តាម​ដង​ទន្លេ​ឡានឆាង​និង​មេគង្គផង​ដែរ ។

ទាក់​ទិន​នឹងប្រ​ការ​នេះ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការ​បរទេស​និង​សហប្រតិបតិ្តការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែងថា កិច្ច​ប្រជុំ​លើក​នេះបាន​លើក​ឡើង​​ថា នឹងជំរុញ​ការ​តភ្ជាប់​គ្នា​រវាង​កិច្ច​សហប្រតិបតិ្តការ​ឡានឆាង​-មេគង្គ​និង​ “​ ច្រករបៀង​​​ពាណិជ្ជកម្មអន្តរជាតិថ្មី​តាម​ផ្លូវ​គោក​និង​សមុទ្រ​” ក្នុង​ន័យ​ជំរុ​ញ​ការ​បង្កើត​ខ្សែ​ក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តាម​បណ្តោយ​ទន្លេ​ឡានឆាង​និងមេគង្គ ប្រការ​នេះ​នឹង​មាន​អំណោយផល​ដល់​ការ​នាំ​ចេញដោយ​ផ្ទាល់​​នូវ​ផលិតផល​នៃ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ទៅ​កាន់​ទីផ្សារធំ​នៅ​តំបន់​កណ្តាល​និង​ខាង​លិច​នៃ​ប្រទេស​ចិន​ ជាង​នេះ​ទៅ​ទៀត​អាចនាំ​ចេញ​​ទៅ​កាន់​ទីផ្សារ​អាស៊ី​កណ្តាល​និង​អឺរ៉ុប​ទៀតផង  ។ ក្រោម​បរិបទ​ដែល​សេដ្ឋកិច្ច​ពិភពលោក​រង​ការ​វាយ​ប្រហារ​មិន​ធ្លាប់​មាន​ដែល​បណ្តាល​មក​ពីការ​រាល​ដាល​នៃ​ជំងឺ​ឆ្លង ការ​បង្កើត​ខ្សែ​ក្រវាត់​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច​តាម​បណ្តោយ​ទន្លេ​ឡានឆាង​និង​មេគង្គ​​នឹង​ក្លាយ​ជា​ក្បាល​​ម៉ាស៊ី​នសម្រាប់​ការ​អភិវឌ្ឍ​​ន៍សេដ្ឋកិច្ចក្នុងតំបន់ថ្មីមួយ​នេះ ។

អគ្គលេខាធិការ​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​អំពី​យុទ្ធសាស្ត្រ​និង​បញ្ហា​អន្តរជាតិ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ថ្លែង​ថា និយាយ​ចំពោះ​​ការ​អភិវឌ្ឍ​នៃ​ប្រទេស​តាមដង​ទន្លេ​ឡានឆាង​និង​មេគង្គ​ ការ​អភិវឌ្ឍន៍​កសិកម្ម​មាន​សារៈសំខាន់​ណាស់​ ដូច្នេះ បណ្តា​ប្រទេស​នានា​គួរ​តែ​បង្កើន​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​​បច្ចេកវិទ្យា​កសិកម្ម ចរាចរណ៍​ទំនិញ​និង​ការ​ការ​ពារ​បរិស្ថាន  ។ លោក​សម្តែង​ការ​ស្វាគមន៍​ចំពោះ​សេចកី្ត​សម្រេច​របស់​ប្រទេស​ចិន​ ដែល​ថា​នឹង​បង្កើតកញ្ចប់​​ថវិកា​ពិសេស​លើ​វិស័យ​សុខាភិបាល​សាធារណៈ ហើយ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ចិន​ដែល​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ជាសម្ភារៈ​និង​បច្ចេកទេសសម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ដល់​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ជា​បន្ត​ទៀត ៕

 

អ្នកបកប្រែ:Guo Xiangqing