ថ្ងៃទី៣ខែកញ្ញា លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់នៅក្រុងប៉េកាំងថា ប្រជាជនចិនបានពូនជ្រំស្មារតីដ៏មហិមាស្តីពីការប្រឆាំងនឹងការឈ្លានពានក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ស្មារតីនេះនឹងលើកទឹកចិត្តជានិច្ចដល់ប្រជាជនចិនក្នុងការពុះពារឧបសគ្គនិងការលំបាកគ្រប់បែបយ៉ាង ក៏ដូចជាតស៊ូដើម្បីសម្រេចភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។
នាល្ងាចថ្ងៃដដែល គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងគណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើពិធីសំណេះសំណាលនៅវិមានសភាប្រជាជន ដើម្បីរំលឹកខួបទី ៧៥ នៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។
លោកស៊ីជីនភីងបានគូសបញ្ជាក់ថា សង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនជាការចាប់ផ្តើមនៃសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ ការយកជ័យជម្នះក្នុងសង្គ្រាមដែលប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនបានធ្វើឱ្យប្រជាជនចិនទទួលបានការគោរពពីសំណាក់ប្រជាជនលើពភពលោកដែលស្រឡាញ់សន្តិភាព។
លោកស៊ីជីនភីងបានគូសបញ្ជាក់ទៀតថា ការសម្រេចការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការដឹកនាំនៃបក្សកុម្មុយនិស្តចិន ការតម្កល់ប្រជាជនជាស្នូល ប្រកាន់ខ្ជាប់ស្មារតីតស៊ូប្រយុទ្ធនិងដើរតាមមាគ៌ាអភិវឌ្ឍន៍ប្រកបដោយសន្តិភាពយ៉ាងដាច់ខាតមិនងាករេ។
លោក ស៊ី ជីនភីងបានបញ្ជាក់ថា នរណាក្តី កម្លាំងណាក្តីបើប៉ុនប៉ងមួលបង្កាច់ប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តចិន លាបពណ៌លើធាតុពិតនិងកម្មវត្ថុនៃបក្សកុម្មុយនិស្តចិន នោះ ប្រជាជនចិនមិនទទួលយកជាដាច់ខាត!នរណាក្តី កម្លាំងណាក្តី បើប៉ុនប៉ងមួលបង្កាច់និងកែប្រែមាគ៌ាសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន បដិសេធហើយលាបពណ៌លើសមទ្ធផលដ៏មហាអស្ចារ្យនៃការកសាងសង្គមនិយមរបស់ប្រជាជនចិន នោះ ប្រជាជនចិនមិនទទួលយកជាដាច់ខាត!នរណាក្តី កម្លាំងណាក្តី បើប៉ុនប៉ងកាត់ផ្តាច់បំបែកបំបាក់បក្សកុម្មុយនិស្តចិននិងប្រជាជនចិន ប៉ុនប៉ងធ្វើឱ្យបក្សកុម្មុយនិស្តចិននិងប្រជាជនចិនប្រឆាំងនឹងគ្នា នោះ ប្រជាជនចិនមិនទទួលយកជាដាច់ខាត!នរណាក្តី កម្លាំងណាក្តី បើប៉ុនប៉ងប្រើឧបាយកលអនុត្តរភាព ដើម្បីដាក់ឆន្ទៈរបស់ខ្លួនទៅលើប្រជាជនចិនដោយបង្ខំ ចង់កែប្រែទិសដៅវិវឌ្ឍរបស់ប្រទេសចិននិងរារាំងប្រជាជនចិនបង្កបង្កើតជីវភាពល្អបវរ នោះ ប្រជាជនចិនមិនទទួលយកជាដាច់ខាត!នរណាក្តី កម្លាំងណាក្តី បើប៉ុនប៉ងបំផ្លាញជីវភាពសុខសន្តិភាព និងសិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនចិន បំផ្លាញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនចិនជាមួយប្រជាជនប្រទេសដទៃផ្សេង និងបំផ្លាញបុព្វហេតុសន្តិភាពនិងវឌ្ឍនភាពដ៏ខ្ពង់ខ្ពស់របស់មនុស្សជាតិ នោះ ប្រជាជនចិនមិនទទួលយកជាដាច់ខាត!
អ្នកបកប្រែ:Wang Zhaojun