លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាជាមួយថ្នាក់ដឹកនាំអាល្លឺម៉ង់និងសហភាពអឺរ៉ុប

2020-09-16 17:47:22 |ប្រភព:CRI

យប់​ថ្ងៃ​ទី​១៤​ខែ​កញ្ញា នៅ​ក្រុង​ប៉េកាំង លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ​ជា​មួយ​លោក​ស្រី​Merkelនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ដែល​ជា​ប្រធាន​ផ្លាស់​វេននៃ​សហភាព​អឺរ៉ុប លោកCharles Michelប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​និង​លោក​ស្រីUrsula von der Leyenប្រធាន​គណៈកម្មាធិការ​សហភាព​អឺរ៉ុប។

ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា ចិន​និង​អឺរ៉ុប​បាន​ចាត់​ទុក​គូ​ភាគី​ជា​ដៃគូ​ពាណិជ្ជ​កម្ម​និង​វិនិយោគ​ដ៏​សំខាន់។ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​«កិច្ច​ព្រម​ព្រៀង​អំពី​ម៉ាកសម្គាល់​ភូមិសាស្រ្ត​ទំនិញ​រវាង​ចិន​និង​អឺរ៉ុប» ភាគី​ទាំង​ពីរ​គួរ​តែ​ពន្លឿន​ការ​ចរចា​អំពី​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រវាង​ចិន​និង​អឺរ៉ុប ដើម្បី​សម្រេច​គោល​ដៅស្តីពី​ការ​បញ្ចប់​ការ​ចរចា​ក្នុង​ឆ្នាំ​២០២០​នេះ ក្នុង​ន័យបំពេញ​បន្ថែម​កម្លាំង​ចលករកាន់​តែ​ច្រើន​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លងរបស់​សហគមន៍​អន្តរជាតិ ក៏​ដូច​ជា​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​និង​គាំពារ​សច្ចយុត្តិធម៌។

អំពី​បញ្ហា​សិទ្ធិ​មនុស្ស  លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ថា ការ​ធានា​សិទ្ធិ​មនុស្ស​គ្មាន​ការ​ធ្វើ​បាន​ល្អ​បំផុត​នោះ​ទេ មាន​តែ​ការ​ធ្វើ​ឱ្យ​បាន​កាន់​តែ​ល្អ ។ បណ្តា​ប្រទេស​នានា​គួរ​តែ​ធ្វើ​រឿង​របស់​ខ្លួន​ឱ្យ​បាន​ល្អជា​មុន​សិន។ជឿ​ជាក់​ថា សហភាព​អឺរ៉ុប​អាច​ដោះ​ស្រាយ​ឱ្យ​បាន​ល្អ​នូវ​បញ្ហា​សិទ្ធិ​មនុស្ស​របស់​ខ្លួន។ ភាគី​ចិន​មិន​ទទួល​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​ឃោស​នា​បំប៉ោង​លាប​ពណ៌​នោះ​ទេ ហើយ​ក៏​ប្រឆាំង​នឹង​ស្តង់ដារ​ពីរ​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស​ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប លោកស្រី​Merkel លោកMichelនិង​លោក​ស្រីUrsula von der Leyenបាន​ថ្លែង​ថា ប្រទេស​ចិន​គឺ​ជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​ដ៏​សំខាន់​និង​គួរ​ជា​ទី​គោរព​របស់​សហភាព​អឺរ៉ុប​ ។ សហភាព​អឺរ៉ុប​រីក​រាយ​ក្នុង​ការ​បង្កើន​កិច្ច​សន្ទនា​ជា​មួយ​ភាគី​ចិន សហភាព​អឺរ៉ុបទទួល​បាន​ការ​លើកទឹកចិត្តពី​ការចុះ​ហត្ថលេខា​លើ​«កិច្ច​ព្រម​ព្រៀង​អំពី​ម៉ាក​សម្គាល់​ភូមិសាស្រ្ត​ទំនិញ​រវាង​ចិន​និង​អឺរ៉ុប» ហើយ​សូម​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ភាគី​ចិន​ដែល​បន្ធូរ​បន្ថយ​នូវ​ការដាក់​កំហិត​ចំពោះ​​ការ​អនុញ្ញាត​ឱ្យ​​​ចូល​ទី​ផ្សារ​របស់​ប្រទេស​ចិន​ និង​ពង្រីក​ការ​បើក​ទូលាយ ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែងដើម្បី​សម្រេច​ការ​ចរចា​អំពី​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រវាង​ចិន​និង​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ​២០២០នេះ ក្នុង​ន័យ​បំពេញ​បន្ថែម​កម្លាំង​ចលករ​ថ្មី​សម្រាប់​ទំនាក់​ទំនង​រវាង​អឺរ៉ុប​និង​ចិន។​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស សហភាព​អឺរ៉ុប​ទទួល​ស្គាល់​ដោយ​ស្មោះ​ថា​ខ្លួន​នៅ​មាន​ចន្លោះ​ខ្វះ​ខាត​ដែរ ដូច​នេះ រំពឹង​ថា អាច​ធ្វើ​កិច្ច​សន្ទនា​ជា​មួយ​ភាគី​ចិន​ដោយ​ឈរ​លើ​មូលដ្ឋាន​សមភាព​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បង្កើន​ការ​ស្វែង​យល់​គ្នា ក៏​ដូច​ជា​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ដោយ​សមរម្យ​ផង​ដែរ ៕