ក្នុងកិច្ចប្រជុំជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ដែលធ្វើឡើងនៅពេលថ្មីៗកន្លងទៅនេះ មេដឹកនាំអាមេរិកបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូដែលប្រកបដោយភាពក្រអឺតក្រទម ទស្សនៈលំអៀងនិងពាក្យភូតកុហក ។ អំពីបញ្ហាដូចជាបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ ការប្រឆាំងភេរវកម្មនិងការបែងចែកចំណាយយោធានៃអង្គការណាតូជាដើម មេដឹកនាំអាមេរិកបានថ្លែងតាមទំនើងចិត្តហើយមានការមិនសមហេតុផលជាច្រើនដែរ ដែលបង្ហាញពីអាត្មានិយមនិងអនុត្តរភាពស្តីពី “សហរដ្ឋអាមេរិកជាអាទិភាព” នាំឱ្យសហគមន៍អន្តរជាតិមានអារម្មណ៍ប្រឆាំងជាទូទៅ ។
ដូចអ្នកផងបានជ្រាបស្រាប់ហើយថា សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែរអ៊ីរ៉ង់ដោយឯកតោភាគីកាលពីខែឧសភាឆ្នាំ២០១៨ ដែលបានបាត់សិទ្ធិជាភាគីចូលរួមនោះទេ ។ ប៉ុន្តែ នាពេលមុននេះមិនជាយូរប៉ុន្មាន លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកបានផ្ញើសារលិខិតជូនក្រុមប្រឹក្សាសន្តិសុខ ទាមទារទាំងទទឹងទទិសឱ្យចាប់ដំណើរការយន្តការស្តីពី”រៀបចំការដាក់ទណ្ឌកម្មឡើងវិញយ៉ាងឆាប់រហ័ស”ទៅលើអ៊ីរ៉ង់ដែលកំណត់ដោយសេចក្តីសម្រេចចិត្តលេខ២២៣១នៃអង្គការសហប្រជាជាតិ ប៉ុន្តែបានទទួលរងការប្រឆាំងនពីសមាជិកក្រុមប្រឹក្សាសន្តិសុខភាគច្រើនដាច់ខាត ។ ដោយបានឃើញការជំរុញការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិបានបរាជ័យ រដ្ឋាភិបាលអាមេរិកក៏បានដាក់ចេញមធ្យោបាយដាក់ទណ្ឌកម្មដោយឯកតោភាគី ដែលឈរនៅម្ខាងដែលបដិបក្ខគ្នាជាមួយទូទាំងពិភពលោកម្តងទៀត ។
កាលពីថ្ងៃទី២៦ខែកញ្ញា កាសែត Frankfurter Rundschau របស់អាល្លឺម៉ង់បានប្រៀបធៀបសុន្ទរកថារបស់មេដឹកនាំអាមេរិកនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិដូចជា “ព្រះភូសាថ្មីរបស់ព្រះចៅអធិរាជ” ដោយបង្ហាញថា មេដឹកនាំអាមេរិកអួតអាងពីសមិទ្ធផលនៅចំពោះមុខប្រមុខរដ្ឋនិងរដ្ឋាភិបាលទូទាំងពិភពលោកហាក់ដូចជាព្រះចៅអធិរាជដែលមិនស្លៀកពាក់ខោអាវនោះទេ ។ វេបសាយព័ត៌មាននយោបាយអាមេរិក Vox ក៏បានបង្ហាញថា ស្មារតីនៃសុន្ទរកថារបស់មេដឹកនាំអាមេរិកគឺមិនសមស្របនឹងបរិយាកាសនៃពាក្យសន្យាស្តីពីពហុភាគីនិយមរបស់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិដែរ ។
សុន្ទរកថារបស់មេដឹកនាំអាមេរិកក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះបាននាំឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់ថា ធាតុពិតនៃ “សហរដ្ឋអាមេរិកជាអាទិភាព”ដែលជាគំនិតអភិបាលកិច្ចរបស់អាមេរិកគឺឯកតោភាគីនិយមនិងអនុត្តរភាពនិយម ហើយមើលឃើញយ៉ាងច្បាស់ថា អ្នកនយោបាយអាមេរិកមួយចំនួនកំពុងវាយប្រហាររបៀបរៀបរយអន្តរជាតិនិងគំរាមកំហែងដល់សន្តិភាពពិភពលោកដោយមិនសំចៃដៃដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន ។ ក្នុងបរិបទបែបនេះ មហាសន្និបាតអង្គការសហប្រជាជាតិលើកនេះអំពាវនាវសហគមន៍អន្តរជាតិឱ្យរំលឹកឡើងវិញនូវពាក្យសន្យាជាសមូហភាពចំពោះពហុភាគីនិយម គ្មានអ្វីគួរឱ្យសង្ស័យទេនេះគឺជាការទប់ស្កាត់ជាសមូហភាពចំពោះឯកតោភាគីនិយមមួយលើក ៕