ពិធីផ្សព្វផ្សាយសៀវភៅសង្ខេបខ្លឹមសាររបស់ឯកឧត្តម ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន (ភាគ៣) ជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងនៅវិមានព្រឹទ្ធសភា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តម វ៉ង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមមកពីក្រសួង ស្ថាប័ន និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាសរុបចំនួន១២៨រូប។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមការគាំទ្ររវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាមួយនឹងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រោមកិច្ចសហការរៀបចំរវាងមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។
បន្ទាប់ពីចំណាប់អារម្មណ៍ស្វាគមន៍ដោយលោក QUIAN YUANGANG ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំរាជធានីភ្នំពេញ ឯកឧត្តម វ៉ង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-ចិន បានចូលរួមនៅក្នុងសហគមន៍ជោគវាសនារួម ហើយកម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយមានគំនិតរួមនៅក្នុងការថែរក្សាសន្តិភាពនិងការអភិវឌ្ឍ។ សៀវភៅអភិបាលកិច្ចប្រទេសចិន គឺជាមាគ៌ាអភិវឌ្ឍប្រទេសចិន ហើយក៏ជាគន្លឹះដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ និងមហាជនទូទៅឈ្វេងយល់ពីកិច្ចអភិវឌ្ឍប្រទេសចិន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្កលេខាធិការព្រឹទ្ធសភា បានគូសបញ្ជាក់ថា សៀវភៅឯកឧត្តម ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន គឺពិតជាកំណប់ទ្រព្យនៃពុទ្ធិដ៏មហាសាលស្តីពីការគ្រប់គ្រងប្រទេស ហើយក៏ជាសម្បត្តិមួយយ៉ាងមានតម្លៃថ្លៃថ្លារបស់ប្រទេសចិនផងដែរ។ ជាមួយគ្នានេះ ប្រទេសចិនក៏មានឆន្ទៈក្នុងការបើកចំហចែករំលែកសុទ្ធចិត្តនូវបទពិសោធន៍ប្រកបដោយភាពជោគជ័យរបស់ខ្លួនជូនដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។
តាមរយៈកម្មវិធីនាថ្ងៃនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាពិតជាទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន នោះគឺការទទួលបាននូវឯកសារដ៏មានតម្លៃសម្រាប់តម្កល់ទុកក្នុងបណ្ណាល័យព្រឹទ្ធសភាកម្ពុជា ហើយឯកឧត្តមអគ្កលេខាធិការព្រឹទ្ធសភាជឿជាក់ថា ឯកឧត្តម វ៉ង វិនធៀន នឹងពិនិត្យលទ្ធភាពជួយពង្រឹងសមត្ថភាពរបស់បណ្ណារក្សសភាកម្ពុជា តាមរយៈការធ្វើទស្សនកិច្ចនៅតាមបណ្ណាល័យនានាក្នុងប្រទេសចិន ព្រមទាំងជួយធ្វើទំនើបកម្មដល់បណ្ណាល័យព្រឹទ្ធសភា ដើម្បីឱ្យក្លាយជាបណ្ណាល័យអេឡិចត្រូនិក ដែលអាចតភ្ជាប់ជាមួយនឹងបណ្ណាល័យអេឡិចត្រូនិករបស់ប្រទេសចិន និងអាចបម្រើសេវាកម្មផ្នែកពុទ្ធិកាន់តែល្អប្រសើរ និងកាន់តែងាយស្រួលជូនដល់អ្នកសិក្សាស្រាវជ្រាវ និងមហាជននានាក្នុងប្រទេសកម្ពុជា។
សៀវភៅឯកឧត្តម ស៊ី ជីនភីង ស្តីពី អភិបាលកិច្ចប្រទេសចិន ចាប់ពីភាគ១ រហូតមកដល់ភាគ៣ សៀវភៅនេះឆ្លុះបញ្ចាំងឱ្យឃើញនូវគតិបណ្ឌិតរបស់ឯកឧត្តម ស៊ី ជីនភីង ដែលរួមមានគោលការណ៍ណែនាំអំពីគោលនយោបាយអភិបាលកិច្ចរដ្ឋ និងការគ្រប់គ្រងនយោបាយ សុបិន និងក្តីសង្ឃឹមរបស់ប្រជាជនចិន មធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវែងឆ្ងាយ មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងការគិតពិចារណាអំពីពិភពលោក និងជោគវាសនារបស់មនុស្សជាតិផងដែរ។
ប្រភព៖ 柬埔寨国家广播电台(វិទ្យុជាតិកម្ពុជា)