ក្រុមហ៊ុនដំណាំឈើចិនបង្កើតលទ្ធភាពរកចំណូលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅខេត្តក្រចេះ

2020-10-12 17:49:52 |ប្រភព:柬埔寨国家广播电台(វិទ្យុជាតិកម្ពុជា)

បច្ចុប្បន្ននៅប្រទេសកម្ពុជា សំណង់លំនៅស្ថានគ្រប់ប្រភេទ បានរីក​ដុះដាលកាន់តែ​ច្រើន​ទ្បើងៗ។ ទន្ទឹមនឹងការកើនទ្បើងនៃសំណង់នេះ  តម្រូវ​ការនៃការប្រើប្រាស់​ឈើ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃក៏កាន់តែខ្ពស់​ផងដែរ។  ក្រុមហ៊ុនស៊ីង​បាយ​អូថេក ដែល​ទទួលបាន​​សិទ្ធ​វិនិយោគ​​​ដំណាំឈើ​ស្របច្បាប់​ពី​រដ្ឋាភិបាល​កម្ពុជានោះ មានផែនការណ៍​ដាំដុះ​រហូត​៣០លានដើម ដើម្បីផ្គត់ផ្គង់​តម្រូវទីផ្សារ។ ​ដំណាំឈើដ៏ច្រើននេះ ត្រូវការកំលាំងពលកម្មជាច្រើននាក់ចូលរួមដាំដុះ។ ដែល​នេះជាឱកាស​ល្អសម្រាប់​ប្រជាកសិកររស់នៅជុំវិញតំបន់នោះ រកចំណូលបន្ថែម បង្កើនជីវភាព​គ្រួសាររបស់ពួកគាត់ ។ ការ​វិនិយោគចំការឈើដាំ មិនត្រឹមតែផ្តល់លទ្ធភាពរកប្រាក់ចំណូលដល់​កសិករប៉ុណ្ណោះទេ ប៉ុន្តែសំខាន់​​ទៅទៀតនោះ គឺបានផ្តល់ប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិផងដែរ។

បន្ទាប់ពីក្រុមហ៊ុនស៊ីង​បាយអូថេក ទទួលបានការ​អនុញ្ញាត​សិទ្ធិត្រឹមត្រូវពីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ធ្វើការវិនិយោគចំការឈើដាំជាលក្ខណៈឧស្សាហកម្មរួចមក ក្រុមហ៊ុន​បានរៀប​ចំធ្វើការឈូសឆាយដី ក្នុងគម្រោងផែនការសម្រាប់​ដាំកូន​ឈើ​ប្រមាណ ជាង៣០លាន​ដើម លើទំហំផ្ទៃដី ៣៤០០០ហិចតា។

លោក សាន់ សុខហៀងតំណាងក្រុមហ៊ុន ស៊ីងបាយអូថេក   បានប្រាប់អ្នកយក​ព័ត៌មាន​យើង​ដឹងថា ដី​ដំណាំឈើដាំនេះ ជាប្រភេទដី​ព្រៃរិចរិល អតីតដីស្ថានីយ​ផ្សព្វផ្សាយ និង ស្តារ​ព្រៃឈើ​បឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និង ស្រុកសៀមបូក ក្នុងខេត្ត​ស្ទឹងត្រែង។ លោកបន្តថា ការវិនិយោគ​ ចំការឈើដាំនេះ ចាប់អនុវត្ត ក្រោយពីមានការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំថ្មី​នៅចុងឆ្នាំ ២០១៨ ដោយមាន​កិច្ចសហការពីរដ្ឋបាលព្រៃឈើ  ។ លោកបន្តថា ចាប់ពីខែកញ្ញា ឆ្នាំ២០១៩មក ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ផ្ទៃដីប្រមាណ៥០០០ហិចតា សម្រាប់ធ្វើការដាំដុះ​២៤០០​ហិចតានៅក្នុងឆ្នាំ២០២០ ហើយ​នៅ​ឆ្នាំ​២០២១-ឆ្នាំ២០២២ ក្រុមហ៊ុន​ត្រៀមឈូសឆាយផ្ទៃដី​៥០០០​ហិចតា លើគម្រោង​ដាំដុះ​កូន​ឈើ៧៥០០០០០ដើមបន្ថែមទៀត។

ចំការឈើដាំក្រុមហ៊ុនស៊ីងបាយអូថេកមួយចំនួនបានកំពុងធ្វើការដាំដុះ  រីឯមួយចំនួន​ទៀត​បានរីកលូត​លាស់​​​​ជាបណ្តើរហើយ មកទល់ពេលនេះ។

លោក សុខហៀង​ បានបន្តឱ្យ​ដឹងផងថា  រយៈពេល៣​ឆ្នាំ​ខាងមុខ គឺពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ក្រុមហ៊ុន​ធ្វើការ​កែច្នៃ​ឈើដាំដុះទាំងនោះ ផ្គត់ផ្គង់​ទៅទីផ្សារ​នៅក្នុងស្រុក ដែលកំពុងមាន​តម្រូវ​ការនា​ពេលបច្ចុប្បន្ន​។

លោកបន្តថា ចំការឈើដាំនេះ បានផ្តល់ផលប្រយោជន៍ជួយទ្រ​ទ្រង់សេដ្ឋកិច្ច​ជាតិជួយ សង្គម​​នៅក្នុងការផ្តល់ការងារជូនប្រជាពលរដ្ឋជាច្រើនពាន់កន្លែង បង្កើត​ឱ្យមានប្រាក់​ចំណូល​​ផ្តល់​​ជីវភាព​ប្រ​ចាំថ្ងៃជូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករកម្មការនីនៅកន្លែងនេះ។ តាមរយៈ​វិស័យ​ឧស្សា​ហ​កម្ម​ឈើនេះ បានផ្តល់ការងារជូនប្រជាពលរដ្ឋ​ប្រមាណ ៤៥០នាក់។

ក្រោយពីទទួលទានបាយថ្ងៃត្រង់រួចរាល់ហើយ មិនបង្អង់យូ កម្មករទាំងអស់​មានប្រុស ស្រី ចាស់ក្មេងបានរូតរះ ខ្លះធ្វើដំណើរតាមយានជំនិះម្នាក់ឯង ខ្លះធ្វើដំណើរតាមមធ្យោបាយ​រមក​រួមគ្នា​សំដៅទៅចំការ។ ទៅដល់ទីនោះ កម្មករម្នាក់ៗបានប្រញាប់ប្រញាល់ទៅយកកូនប្រេងខ្យល់​ដែល​គេបានដាក់នៅអែបមាត់ផ្លូវដើម្បីយកទៅដាំរៀងៗខ្លួន។

អ្នកស្រី គឹម ផល្លី ជាកម្មករដាំដុះកូនឈើរបស់ក្រុមហ៊ុន ស៊ីងបាយអូថេក ប្រាប់ថា ​អ្នកស្រី​ទើបចូលធ្វើការងារនេះបាន២ខែប៉ុណ្ណោះ។  ​ស្រ្តីរូបនេះបន្តថា កូនឈើមួយដើមមានតម្លៃ១០០រៀល ក្នុងមួយថ្ងៃពីរនាក់​កូនស្រីដាំបាន ពី៧០០-១០០០ដើម បានប្រាក់កំរ៉ៃ ៧-១០ម៉ឺនរៀល បានជួយ​សម្រាលជីវភាពគ្រួសារអ្នកស្រីបាន​មួយកំរិត​ដែរ។

ស្រ្តីវ័យ៥០ឆ្នាំប្លាយរូបនេះបន្តថា ក្រៅពីមុខរបរដាំកូនឈើ នៅផ្ទះធ្វើសែ្រ​ចំការបន្តិច​បន្តួច​បន្តួចប៉ុណ្ណឹង។ អ្នកស្រី ផល្លី រស់នៅក្នុងភូមិ អំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

លោក​ញាណ ផានិត បុគ្គលិកទទួលបន្ទុកគ្រប់គ្រងការងារដាំដុះរបស់ក្រុមហ៊ុន ស៊ីងបាយ​អូថេក​ ដែលបានបំរើការងារនេះតាំងពីឆ្នាំ២០១២ ពោលគឺតាំងពីក្រុមហ៊ុនរបស់កូរ៉េមុនរហូត​មកដល់​ក្រុមហ៊ុនថ្មីនេះ ឃើញថា បានផ្តល់លទ្ធភាពល្អទាំងថវិកា ក៏ដូចផែនការងារ​សម្រាប់កម្មករ​យើង។

លោកបន្ត​ និយាយរួមគាត់មកបំរើការងារផ្នែកកសិកម្មនៅក្រុមហ៊ុនគឺគាត់ទទួល​បានកំរ៉ៃ​ច្រើន ក្នុងមួយថ្ងៃ​បើគាត់​ដាំជាលក្ខណៈម៉ៅការ គាត់ដាំបាន៦០០-៧០០កូន អញ្ចឹងបានន័យថា​គាត់​ទទួល​បាន​កំរ៉ៃ​៦០០០០-៧០០០០។  កម្មករក្រៅពីដាំកូនឈើ​ ពួកគាត់មើល​ថែទាំកូន​ឈើ ដូចជា​ដាក់ជី  ឬ បោចស្មៅជាដើម។ ដោយពួកគាត់​ទទួលបាន​ប្រាក់ចំណូល​បន្តរ​ហូត​។ លោកឱ្យ​ដឹង​ទៀតថា មួយវិញទៀតក្រុមហ៊ុន មិនបំបិទសិទ្ធដល់កម្មករនោះទ្បើយ។

លោក ផានិត បានឱ្យដឹងដែរថា​ កម្មករមានជម្រើសពីរពីការទទួលបានផលកំរ៉ៃការងារ គឺទី១​ម៉ៅការ «គិតប្រាក់​តាម​​ចំនួនកូនឈើដាំ»  ទី២ គិតប្រាក់ខែ ក្នុងខែកម្មករ​ទទួលបាន​ប្រាក់កំរ៉ៃ​ប្រមាណ​ពី២០០ដុល្លារ​ទ្បើងទៅ។ បុគ្គលិក​ទទួល​​​ បន្ទុកគ្រប់គ្រងការងារដាំដុះរូបនេះ ឱ្យដឹងផងថា ទាំង​បុគ្គលិក និង កម្មករ ក្រុមហ៊ុន​អនុញ្ញាតទទួលយក​ប្រជាពលរដ្ឋ​ដែលមានលំ​នៅស្ថានរស់​នៅជុំវិញ​តំបន់​តែប៉ុណ្ណោះ។ បុគ្គលិក ទទួលបានប្រាក់​ខែប្រមាណ៦០០ដុល្លារក្នុង១ខែ លោកផានិត​ចង់ឱ្យ​ក្រុមហ៊ុនមានដំណើរ​ការរហូតទៅ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋមានការងា​រធ្វើជារៀ​ង​រហូត​ទៅផង​ដែរ​។

លោកសាន់ សុខ ហៀង តំណាងក្រុមហ៊ុន ចំការឈើដាំស៊ីងបាយអួថេក មានប្រសាសន៍ថា ដំណាំឈើរបស់ក្រុមហ៊ុនមានដូចជា ឈើក្រញូង , ម៉ៃសាក់ អាកា​ស្យា និង ដើម​ប្រេង​ខ្យល់។ លោកបន្តថា ក្នុងនេះ ដើមប្រេងខ្យល់ត្រូវបានក្រុមហ៊ុន សម្រេចជ្រើសយក ដាំដុះសម្រាប់បំរើឱ្យ​ទីផ្សារ​ឧស្សា​ហកម្មឈើ។ បន្ទាប់ពីពិនិត្យឃើញផលវិជ្ជមានពីការធ្វើពិសោធន៍រួចមក។

លោកបន្ថែមថា យើងធ្វើប្រភេទទ្បាបូដី ប្រសិនជាដីនឹងវាត្រូវជាមួយដើមឈើណា យើង​ត្រូវដាំ​​ដើម​ឈើនោះ កន្លងមកយើងធ្លាប់ដាំដើមឈើប្រភេទអាកាស្យា វាមាន​ការលូត​លាស់យឺត ហើយ​យើង ដាំដើម​ប្រេង​ខ្យល់យើងឃើញថាតែរយៈពេល១៥ខែទេ ឃើញមាន​ការលូត​លាស់​រហូត​ដល់​ជាង​១០ម៉ែត្រ​កម្ពស់។ អញ្ចឹងយើងសម្រេចថា ចាប់យកដើម​ប្រេងខ្យល់ធ្វើជាមូលដ្ឋាននៃការ ដាំដើម​ឈើយក​ទៅប្រើ​ប្រាស់ក្នុងវិស័យឧស្សាហកម្មកែច្នៃឈើដាំរបស់យើង។

លោកបណ្ឌិត វៃ ប្រធានគ្រប់គ្រងការដ្ឋានដាំដុះរបស់ ក្រុមហ៊ុនស៊ីងបាយអូថេក បានមាន​ប្រសាសន៍ថា នៅប្រទេសកម្ពុជាតម្រូវការឈើដាំប្រើប្រាស់ទូរទាំងប្រទេសក្នុងមួយឆ្នាំមានប្រមាណ​២៥០០​០០០​ម៉ែត្រគូប លើទំហំផ្ទៃដី១០០០ម៉ឺនហិចតា។ ទន្ទឹមតម្រួវការប្រើប្រាស់ ឈើធម្មជាតិមាន​១៥០០០០០ម៉ែត្រគូបក្នុង១ឆ្នាំ។ លោកវៃបន្តថា ដូច្នេះប្រសិនបើក្រុមហ៊ុន ជោគជ័យតាម ​គម្រោង​ផែនការដាំកូន​ឈើ​ប្រមាណ ជាង៣០លាន​ដើម លើទំហំផ្ទៃដី ៣៤០០០ហិចតា ក្នុងរយៈពេល៥ឆ្នាំ ផលឈើដែលអាចកាប់បានក្នុង១ឆ្នាំ ៥០០០ហិចតា។ ស្មើនឹង​៧៥ម៉ឺន​ម៉ែត្រគូប។​គឺមានន័យថា​វាស្មើនឹងចំនួនពាក់កណ្តាលនៃការប្រើប្រាស់ឈើធម្មជាតិ។ លោកបានបន្តថា ផលចំណេញ​ពីការ​ដំណាំចំការឈើនេះ ទី១កាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ​, ទី២​ជួយថែរក្សាបរិស្ថាន, ទី៣​ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ និង សង្គម និង ទី៤ ជួយអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន​​បង្កើតការងារជូន​ប្រជាពលរដ្ឋមានចំណូលជួយជីវភាពគ្រួសារបាន​ថែមទៀតផងដែរ។ លោកបណ្ឌិតវៃបាន​បន្ថែមថា  នៅថ្ងៃ​ខាងមុខ​ក្រុមហ៊ុន​រៀបចំចរន្ត​ការងារ ដើម្បីឱ្យកម្មក​រទទួលបានកំរ៉ៃចាប់ពីពេលដំណើរការ​រហូតលទ្ធផល​សម្រេច។

ជាមួយការវិនិយោគនេះ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋលេខាធិការ និង​ ជាអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ ​ក្នុងដំណើរទស្សនៈកិច្ច នៅចំការឈើដាំរបស់ក្រុមហ៊ុនស៊ីង​បាយ​អូថេកនាខេត្តក្រចេះកន្លង​ទៅ​បានមានប្រសាសន៍ថា​ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងបរិស្ថានបានគាំទ្រ លើដំណើរការដាំដុះឈើរបស់ក្រុមហ៊ុន ដោយសារតែចំការឈើដាំនេះបំរើ​ទៅលើ​ឧស្សា​ហ​កម្ម​​​កែ​ច្នៃឈើនៅក្នុងប្រទេសកម្ពុជា​ដែលកំពុងតែមានតម្រូវការយ៉ាងច្រើន។

តំណាងក្រុមហ៊ុន ចំការឈើដាំ ស៊ីងបាយអួថេក លោកសាន់ សុខ ហៀង បានឱ្យដឹងថា  មកទល់ពេលនេះការដាំដំណាំឈើសម្រេច បាន​ប្រមាណជាង៧លានដើមហើយ លើទំហំផ្ទៃដី​ជាង៥០០០ហិចតា។ លោកបន្តថា ក្រុមហ៊ុនបានចុះកិច្ចសន្យា ទិញកូនឈើពីក្រុមហ៊ុន Angkor Plywood ចំនួន ១០លានដើមក្នុងមួយឆ្នាំៗ ដើម្បីធ្វើការដាំដុះតាមផែនការអាជីវកម្មរបស់ខ្លួន ព្រោះក្រុមហ៊ុន Angkor Plywood មានវិទ្យាស្ថានបង្កាត់ពូជកូនឈើតាមបច្ចេកទេស។

ក្រុមហ៊ុនស៊ីង បាយអូថេក បានខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍចម្ការឈើដាំ សម្រាប់ បម្រើ​វិស័យឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា និងការពិភាក្សាជាមួយប្រជាពលរដ្ឋ និង សហគមន៍ ដែល​រស់នៅ​ក្នុងតំបន់ដែលមានដីទំនេរ ដើម្បីសហការដាំកូនឈើជាលក្ខណៈដៃគូរ បង្កើតការងារ​ជូន​ប្រជាពលរដ្ឋ និង បង្កើនជីវភាពរបស់ពួកគាត់។ ក្រុមហ៊ុនបានប្រកាសស្វែង រកដៃគូរសហការ​​ ផ្សេងទៀត ក្នុងការវិនិយោគដាំចំការឈើ។

ការបំពេញការងាររបស់បុគ្គលិក និង កម្មករ អនុលោមតាមច្បាប់ការងាររបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ។

ក្រុមហ៊ុនាស៊ីងបាយអូថេក បានជួយស្ថាបនាផ្លូវ២០០គីទ្បូម៉ែត្រ។ ដាក់ប្រព័ន្ធលូ៣០ និង​ សាងសង់​ស្ពាន​៣៧កន្លែង  និង គ្រោងសាងសង់ផ្លូវថ្នល់ជាច្រើនរយគីឡូម៉ែត្រទៀត។ មានផ្លូវ គមនាគមន៍​ខ្វាត់​ខ្វែងក្នុងគម្រោងវិនិយោគដែលជួយកាត់បន្ថយពេលវេលា និង​ ការចំណាយ​លើការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋផងដែរ៕

 

ប្រភព៖ 柬埔寨国家广播电台(វិទ្យុជាតិកម្ពុជា)