ថ្ងៃទី ១១ ខែតុលា តាមម៉ោងភ្នំពេញ លោក វ៉ាង យីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា បានជួបសន្ទនាជាមួយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាសហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅក្រុងភំ្នពេញ ។
ក្នុងកិច្ចសន្ទនា លោក វ៉ាង យីបានថ្លែងថា បច្ចុប្បន្ននេះ កិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលើគ្រប់វិស័យរវាងចិននិងកម្ពុជាបានរក្សានិន្នាការកើនឡើងយ៉ាងខ្លាំង ។ កិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងចិននិងកម្ពុជាបានគ្របដណ្តប់គ្រប់ជ្រុងជ្រោយ និងគ្រប់វិស័យ ។ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យប្រពៃណីរវាងប្រទេសទាំងពីរ ស្របពេលជាមួយគ្នានេះ ក៏មានភាពចាំបាច់ណាស់ក្នុងការត្រួសត្រាយកំណើនថ្មីលើវិស័យងើបឡើងវិញថ្មី ដូចជាភាពឆ្លាតវៃសិប្បនិមិត្ត ប្រព័ន្ធ៥G ទិន្នន័យធំ និង cloud computingជាដើម ។ ដោយឡែក ប្រទេសចិននិងកម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជានិងចិន នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទីមួយរបស់ប្រទេសកម្ពុជា ដែលមិនគ្រាន់តែនឹងជំរុញការអភិវឌ្ឍពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងនឹងដើរតួនាទីយ៉ាងសកម្មសម្រាប់ប្រទេសកម្ពុជាទប់ទល់នឹងការប្រឈមក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅពេលក្រោយទៀតផង ។
ជាការឆ្លើយតប លោក ហោ ណាំហុង បានថ្លែងថា សមិទ្ធផលនៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសកម្ពុជាមិនអាចឃ្លាតពីការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសចិនឡើយ នៅជំហានក្រោយ កម្ពុជារំពឹងអាចធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យវ៉ាក់សាំងជាមួយប្រទេសចិន និងចាប់ផ្តើមអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវ “ច្រករហ័ស ”សម្រាប់ការប្រាស្រ័យទាក់ទងរវាងបុគ្គលិកនិង “ច្រកបៃតង” សម្រាប់ចរាចរណ៍ទំនិញ ក្នុងន័យជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសទាំងពីរ ។ ដូច្នេះ ប្រការដែលប្រទេសចិននិងកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី គឺមានសារសំខាន់យូរអង្វែងទាំងវិស័យនយោបាយនិងសេដ្ឋកិច្ច ៕
អ្នកបកប្រែ:Sun Lingling