ថ្ងៃទី ១២ ខែតុលា តាមម៉ោងភ្នំពេញ សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានជួបសន្ទនាជាមួយលោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ។
ថ្លែងក្នុងកិច្ចជំនួប លោក វ៉ាង យីបានលើកឡើងថា លោកបានចាត់ទុកកម្ពុជាជាគោលដៅទីមួយសម្រាប់ដំណើរទស្សនកិច្ចរបស់លោកលើកនេះ បានបង្ហាញឱ្យឃើញនូវចំណងមេត្រីភាពជាប្រពៃណីរវាងចិននិងកម្ពុជាដែលតែងតែផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកផង ហើយក៏បានបង្ហាញឱ្យឃើញនូវនិន្នាការយ៉ាងសកម្មនៃការបង្កើតសហគមន៍រួមវាសនារបស់ប្រទេសទាំងពីរផងដែរ ។ ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះប្រទេសកម្ពុជាក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍នៃប្រទេសខ្លួន គាំទ្រយ៉ាងមុតមាំចំពោះប្រទេសកម្ពុជាក្នុងការគាំពារអធិបតេយ្យភាពនិងសេចកី្តថ្លៃថ្នូររបស់ជនជាតិ គាំទ្រយ៉ាងមុតមាំចំពោះប្រទេសកម្ពុជាក្នុងការប្រកាន់ខ្ជាប់គោលនយោបាយជាតិនិងអន្តរជាតិ ។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសកម្ពុជា ធ្វើការពិគ្រោះពិភាក្សាឱ្យបានស៊ីជម្រៅថា តើធ្វើយ៉ាងណាដើម្បីទប់ទល់នឹងការប្រឈមគ្រប់បែបយ៉ាងបន្ទាប់ពីបញ្ចប់ជំងឺកូវីដ១៩ ក៏ដូចជាបង្កើនថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ ។
ជាការឆ្លើយតប សម្តេច ហ៊ុន សែនបានថ្លែងថា ប្រទេសកម្ពុជាសូមកោតសរសើរខ្ពស់ចំពោះប្រទេសចិនដែលបានផ្តល់ជំនួយឧបត្ថម្ភយ៉ាងច្រើនក្នុងការទប់ទល់នឹងជំងឺឆ្លង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ។ កម្ពុជានឹងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងន័យបង្កើនទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន ក៏ដូចជាគាំទ្រយ៉ាងមុតមាំចំពោះប្រទេសចិនក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលរបស់ប្រទេសចិន ព្រមនិងរីករាយរួមសហការជាមួយប្រទេសចិន ដើម្បីជំរុញឱ្យកិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងគ្រប់វិស័យមានភាពកាន់តែស៊ីជម្រៅ ៕
អ្នកបកប្រែ:Guo Xiangqing