ស្ពានឆ្លងកាត់ទន្លេមេគង្គ សឹ្ទងត្រង់-ក្រូចឆ្មារ នឹងជួយជំរុញសកម្មភាពដឹកជញ្ជូនកាន់តែមមាញឹក នៅពេលស្ពាននេះស្ថាបនារួចរាល់ ដោយសម្រួលទាំងការធ្វើដំណើរ ចំណេញទាំងពេលវេលា ព្រមទាំងកាត់បន្ថយ ការចំណាយទៀតផង ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានបញ្ជាក់ថា កន្លងមកការដឹកជញ្ជូនកសិផលដំឡូងមី នៅខេត្តកំពង់ចាមរបស់ក្រុមហ៊ុន ត្រូវធ្វើដំណើរតាមផ្លូវវាង ដោយរថយន្តធុនធំ ពិបាកឆ្លងកាត់តាមស្រឡាង ធ្វើឱ្យខាតទាំងពេលវេលា និងចំណាយថវិកាច្រើន ។
លោកបន្ថែមថា បច្ចុប្បន្នសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា មានដៃគូដែលមានទំនាក់ទំនងក្នុងការដឹកជញ្ជូននាំចេញ- នាំចូលទំនិញចំនួន១២០ក្រុមហ៊ុន និងមានបែបបទចុះបញ្ជីត្រឹមត្រូវ ដូចនេះការដឹកជញ្ជូនទៅថ្ងៃខាងមុខនឹងមានការកើនឡើង ស្របពេលដែលស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់ -ក្រូចឆ្មារស្ថាបនារួច ។
សមាគមដឹកជញ្ជូនទំនិញនៅកម្ពុជា មានការសប្បាយចិត្ត ហើយគាំទ្រ រាល់គម្រោងស្ថាបនាទាំងអស់របស់រាជរដ្ឋាភិបាល ដោយគម្រោងនីមួយៗសុទ្ធតែសំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនជាពិសេសដល់ប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាលើកស្ទួយជីវភាពគ្រួសារ ប្រជាពលរដ្ឋ។
ស្ពានឆ្លងកាត់ទន្លេមេគង្គទី ៣ ស្ទឹងត្រង់-ក្រូចឆ្មារ នេះមានប្រវែងសរុប ១.១៣១ ម៉ែត្រ និង ទទឹង ១៣,៥០ ម៉ែត្រ ជាប្រភេទ ស្ពានបេតុងសរសៃដែក ហើយបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុបជាង ៥៦លានដុល្លារសហរដ្ឋអាមេរិក និងចំណាយរយៈពេលសាងសង់ចំនួន៤២ខែ។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) អាចរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ។
ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករនៅត្រើយខាងកើតនិងត្រើយខាងលិចទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស៕
ប្រភព៖ 柬埔寨国家广播电台(វិទ្យុជាតិកម្ពុជា)