ថ្ងៃទី ២៣ ខែតុលា មហាសន្និបាតរំលឹកខួប ៧០ ឆ្នាំនៃការដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិកបានប្រារព្ធធ្វើនៅក្រុងប៉េកាំង ។ លោកស៊ីជីនភីង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនិងប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមមហាសន្និបាតនិងថ្លែងសុន្ទរកថា ។
ក្រោយពីផ្ទុះសង្គ្រាមផ្ទៃក្នុងកូរ៉េខាងជើងនាខែមិថុនាឆ្នាំ ១៩៥០ រដ្ឋាភិបាលអាមេរិកបានចាត់បញ្ជូនកងទ័ពដើម្បីជ្រៀតជ្រែក បានបំផុសសង្គ្រាមគ្រប់ជ្រុងជ្រោយទៅលើកូរ៉េខាងជើង ហើយមិនអើពើការព្រមានជាច្រើនលើករបស់រដ្ឋាភិបាលចិន ដោយបានឆ្លងកាត់ខ្សែ38th Parallel សម្រុកខិតជិតដល់ព្រំដែនចិននិងកូរ៉េខាងជើង រហូតដល់ទៅទម្លាក់គ្រាប់បែកតាមយន្តហោះទៅលើក្រុងនិងជនបទតាមព្រំដែនភាគអីសានប្រទេសចិន ។ តាមសំណូមពរភាគីកូរ៉េខាងជើង ភាគីចិនបានបង្កើតកងទ័ពស្ម័គ្រចិត្តប្រជាជនចិន ទៅកាន់កូរ៉េខាងជើងធ្វើការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ។
សង្គ្រាមជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិកបានដំណើរការ ២ ឆ្នាំ ៩ ខែ បានបង្កើតគំរូក្នុងប្រវត្តិសាស្ត្រសង្គ្រាមពិភពលោកដែលខ្សោយយកឈ្នះលើខ្លាំង បានគាំទ្រប្រជាជនកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ការពារសន្តិសុខសាធារណៈរដ្ឋប្រជាជនប្រជាធិបតេយ្យកូរ៉េខាងជើងនិងសាធារណៈរដ្ឋប្រជាមានិតុចិនដែលទើបបង្កើតឡើងតែមួយឆ្នាំ ក៏ដូចជារួមចំណែកដល់សន្តិភាពតំបន់និងពិភពលោកផងដែរ ៕