ភាគីចិនប្រគល់ជូនកម្ពុជា នូវសម្ភារអនាម័យ និងសម្ភារសិក្សាដល់មត្តេយ្យសិក្សាសហគមន៍ទូទាំងប្រទេស សម្រាប់សិស្សចូលរៀនវិញប្រកបដោយសុវត្ថិភាព និងសុខភាពល្អ

2020-10-26 11:35:15 |ប្រភព:ក្រសួងអប់រំ យុវជន និងកីឡាប្រទេសកម្ពុជា

ក្រសួងអប់រំ យុវជន និងកីឡានៃប្រទេសកម្ពុជាបានទទួលសម្ភារអនាម័យ និងសម្ភារសិក្សា ពីអង្គការយូនីសេហ្វ ដែលបានសហការឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មចិន តាមរយ:ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ជួយដល់សាលាមត្តេយ្យសហគមន៍នៅកម្ពុជា។

ពិធីប្រគល់សម្ភារនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនេះដែរលោកជំទាវបានស្វាគមន៍ចំពោះការឧបត្ថម្ភពីក្រសួងពាណិជ្ជកម្មចិន តាមរយៈស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងសូមថ្លែងអំណរគុណ ដែលបានសហការជាមួយយូនីសេហ្វ ដើម្បីផ្ដល់ការឧបត្ថម្ភដល់សិស្សមត្តេយ្យកម្ពុជា។

ក្នុងនាមជាថ្នាក់ដឹកនាំក្រសួង ចង់ឱ្យកុមារតូចកាន់តែច្រើន អាចទទួលបានផលពីការចូលរៀននៅសាលាមត្តេយ្យ ហើយគោលដៅនេះអាចសម្រេចទៅបានលុះត្រាតែបរិយាកាសរៀនសូត្រមានសុវត្ថិភាព។ យើងសង្ឃឹមថា ប្រជាពលរដ្ឋនឹងមានទំនុកចិត្ត ក្នុងការបញ្ជូនកូនរបស់ពួកគាត់ទៅរៀន ដោយសារតែការគាំទ្រដ៏សំខាន់នេះ។

ក្រោយពិធីចែកសម្ភារជូនសាលាមត្តេយ្យសិក្សាចំនួន៥រួចមក គណៈប្រតិភូបានធ្វើដំណើរទៅកាន់សាលាមត្តេយ្យសហគមន៍ភូមិត្រពាំងថ្លាន់ ដើម្បីសង្កេតមើលការប្រើប្រាស់បរិក្ខារអនាម័យ និងសម្ភារសិក្សា ដែលប្រើប្រាស់ដោយបុគ្គលិកសិក្សា និងសិស្សានុសិស្សនៅក្នុងសាលាមត្តេយ្យនេះ។ ពួកគាត់បានជួបជជែកជាមួយ លោកគ្រូ អ្នកគ្រូ តំណាងការិយាល័យអប់រំស្រុក ព្រមទាំងសមាជិកសហគមន៍អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយឱ្យកុមារអាចនៅបន្តរៀនសូត្របាន និងជួយឱ្យសាលារៀននៅតែបន្តដំណើរការនៅក្នុងស្ថានភាពដែលមានសុវត្ថិភាពបំផុត។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្មចិន បានឧបត្ថម្ភសម្ភារទាំងអស់នេះដល់សាលាមត្តេយ្យសិក្សាចំនួន ៣.០៦៤ កន្លែងទូទាំងប្រទេសកម្ពុជា ដែលផ្ដល់លទ្ធភាពឱ្យកុមារប្រមាណ ៧០.០០០ នាក់ បានវិលត្រឡប់ទៅសិក្សាវិញប្រកបដោយសុវត្ថិភាព និងទទួលបានការការពារពីជំងឺកូវីដ១៩។ ក្រសួងពាណិជ្ជកម្មចិន គឺជាអ្នកផ្ដល់ការឧបត្ថម្ភដ៏សំខាន់ដល់រាជរដ្ឋាភិបាលកម្ពុជា និងយូនីសេហ្វ ក្នុងការឆ្លើយតបរួមគ្នាចំពោះវិបត្តិកូវីដ១៩។

ការផ្ដល់សម្ភាររៀន និងបង្រៀន ព្រមទាំងបរិក្ខារទឹកស្អាត និងអនាម័យ ដូចជាឧបករណ៍ សម្រាប់លាងសម្អាតដៃចល័ត ធុងចម្រោះទឹក និងសម្ភារលាងសម្អាតដទៃទៀត មានសារៈសំខាន់ចំាបាច់សម្រាប់ការពារសុវត្ថិភាព និងសុខភាពរបស់កុមារតូចៗ។ បច្ចុប្បន្នសម្ភារទាំងអស់នេះកំពុងត្រូវបានចែកជូន ការិយាល័យអប់រំស្រុកចំនួន១៨៧ ស្រុក នៅក្នុងរាជធានីខេត្តទាំង២៥៕