ឆ្នាំ២០២០នេះជាឆ្នាំចុងក្រោយនៃការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយនិងសម្រេច“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៣” ហើយក៏ជាឆ្នាំចុងក្រោយនៃការយកជម្នះលើឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រផងដែរ ។ នៅក្នុងឆ្នាំជាគន្លឹះនេះស្រាប់តែផ្ទុះឡើងនូវជំងឺកូវីដ១៩ដែលធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចនិងការងារជួយលុបបំបាត់ភាពក្រីក្របន្ថែមភាពមិនប្រាកដប្រជា ។ បន្ទាប់ពីកើតជំងឺកូវីដ១៩មក លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំច្រើនលើក ដោយគូសបញ្ជាក់ថា ក្នុងលក្ខខណ្ឌសម្រេចជាមុនដែលធានាឱ្យបានល្អនូវការងារបង្ការជំងឺកូវីដ១៩ ត្រូវតែធ្វើការណែនាំដោយបែងចែកតាមប្រភេទ ដើម្បីជំរុញសហគ្រាសគ្រប់ប្រភេទឱ្យចូលបំពេញការងារឡើងវិញនិងស្តារផលិតកម្មឡើងវិញដោយមានរបៀបរៀបរយ ។
ដើម្បីគាំទ្រសហគ្រាសចូលបំពេញការងារឡើងវិញនិងស្តារផលិតកម្មឡើងវិញ រដ្ឋាភិបាលមជ្ឈិមចិនបានដាក់ចេញគោលនយោបាយមួយចំនួនដើម្បីជួយឧបត្ថម្ភសហគ្រាសនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ។ ឧទាហរណ៍ ការអនុវត្តជាក់ស្តែងនូវគោលនយោបាយស្តីពីប្រាក់ប៉ះបូវផ្នែកហិរញ្ញវត្ថុ ការកាត់បន្ថយថ្លៃសេវារដ្ឋបាលដោយទ្រង់ទ្រាយធំនិងពន្យារពេលបង់ពន្ធដារជាដើម បន្តស្រាវជ្រាវពីគោលនយោបាយកាត់បន្ថយពន្ធដារនិងថ្លៃសេវារដ្ឋបាលដែលមានលក្ខណៈជាដំណាក់កាលនិងចំគោលដៅ ដើម្បីជួយសហគ្រាសមីក្រូតូចនិងមធ្យមពុះពារឧបសគ្គ ច្នៃប្រឌិតថ្មីនិងកែលម្អរបៀបគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីផ្តល់ឥណទានពិសេសសម្រាប់មុខរបរសហគ្រាសឯកជន សហគ្រាសមីក្រូនិងតូចដែលទទួលរងផលប៉ះពាល់ខ្លាំងបង្គួរពីជំងឺកូវីដ១៩ជាដើម ។
អ្នកផងទាំងពួងបានមើលឃើញថា គោលនយោបាយសម្រាប់បន្ធូរឧបសគ្គរបស់រដ្ឋាភិបាលចិនទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ពីខែមករាដល់ខែសីហា ប្រទេសចិនបានកាត់បន្ថយពន្ធដារនិងថ្លៃសេវារដ្ឋបាលសរុប១,៨៨ទ្រីលានយាន់ប្រាក់ចិន ។ ព្រមពេលជាមួយគ្នានេះ ប្រាក់ចំណេញសហគ្រាសបានកើនឡើងជាបន្តបន្ទាប់ នៅខែសីហាឆ្នំានេះ ប្រាក់ចំណេញសហគ្រាសដែលមានទ្រង់ទ្រាយធំនិងមធ្យមបានកើនឡើង១៩,១ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលបានកើនឡើងវិជ្ជមានរយៈពេល៤ខែជាប់ៗគ្នា ។
ព្រមពេលជាមួយគ្នានេះ វិធានការនិងគោលនយោបាយមួយចំនួនដែលរដ្ឋាភិបាលចិនអនុវត្តសម្រាប់លំនឹងពាណិជ្ជកម្មជាមួយបរទេសក៏ទទួលបានប្រសិទ្ធភាពជាជំហានដំបូងផងដែរ ។ តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិនបានប្រកាសកាលពីថ្ងៃទី១៣ខែតុលាឱ្យដឹងថា ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ ការនាំចេញនាំចូលនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានកើនឡើង០,៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំនាំចេញនាំចូលសរុបបានសម្រេចកំណើនវិជ្ជមានជាលើកដំបូងក្នុងឆ្នាំនេះ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនមានស្ថានការណ៍វិជ្ជមានល្អជាងការប៉ាន់ប្រមាណ ។
តាមការព្យាករណ៍នៃអង្គការអន្តរជាតិដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកជាដើមឱ្យដឹងថា ចិនត្រូវបានរំពឹងថា នឹងក្លាយជាតួអង្គសេដ្ឋកិច្ចសំខាន់តែមួយគត់ដែលសម្រេចកំណើនសេដ្ឋកិច្ចវិជ្ជមាន ។ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលបានធ្លាក់ចុះ ការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គមចិនមុខជានឹងនាំមកនូវជំនឿចិត្តនិងក្តីសង្ឃឹមកាន់តែច្រើនដល់ពិភពលោកជាមិនខាន ៕
អ្នកបកប្រែ:Sun Lingling