ឆ្លងតាមរយៈកិច្ចចរចាជាផ្លូវការអស់រយៈពេល៨ឆ្នាំនិង២៨ជុំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(ហៅកាត់ RCEP)បានសម្រេចដោយគាប់ប្រសើរតាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី១៥ ខែវិច្ឆិកា ។ ដូចនេះ កិច្ចកសាងតំបន់ពាណិជ្ជកម្មសេរីដែលមានប្រជាជនច្រើនជាងគេ រចនាសម័្ពន្ធរបស់សមាជិកមានពិពិធកម្មជាងគេ និងមានសក្តានុពលអភិវឌ្ឈន៍ធំជាងគេនៅលើពិភពលោកបានចាប់ដំណើរការជាផ្លូវការហើយ ។
តាមការឧទ្ទេសនាមឱ្យដឹងថា បើធៀបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃទៀត កិច្ចព្រមព្រៀង RCEP មានភាពបរិយាប័ន្នកាន់តែធំ ដោយសារបានគ្របដណ្តប់លើគ្រប់វិស័យនៃសេរីភាពវូបនិយកម្មនិងកិច្ចសម្រួលខាងពាណិជ្ជកម្មនិងវិនិយោគ ។ ព្រមជាមួយគ្នានេះ កិច្ចព្រមព្រៀងបានបំពេញតាមតម្រូវការនៃយុគសម័យសេដ្ឋកិច្ចឌីជីថល ដូចជាបានបន្ថែមខ្លឹមសារស្តីពីការការពារកម្មសិទ្ធិបញ្ញាដោយកម្រិតខ្ពស់ និងធុរកិច្ចអេឡិចត្រូនិក ព្រមទាំងធ្វើកិច្ចសន្យាស្តីពីការអនុញ្ញាតឱ្យធ្វើវិនិយោគតាមរយៈបញ្ជីអវិជ្ជមាននៃការអនុញ្ញាតឱ្យចូលទីផ្សារជាដើម ប្រការទាំងនេះបានបង្ហាញឱ្យឃើញនូវលក្ខណៈពិសេសទំនើបយ៉ាងច្បាស់លាស់ ។
បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ជាសមិទ្ធិផលដ៏មានសារសំខាន់ជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជានិងតំបន់ ។
អត្ថបទនេះបានលើកឡើងថា កិច្ចព្រមព្រៀងRCEP នឹងចូលរួមចំណែកក្នុងការគាំពារ និងលើកកម្ពស់សកលភាវូបនីយកម្ម និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដោយផ្អែកលើច្បាប់ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន ស្របតាមគោលការណ៍នៃការធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌។ កិច្ចព្រមព្រៀងនេះ ក៏នឹងកា្លយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ។ កិច្ចព្រមព្រៀងនេះ ក៏ដើរតួនាទីជាកាតាលីករមួយផងដែរ ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជននៅក្នុងតំបន់ ព្រមទាំងជួយស្តារសង្គមនិងសេដ្ឋកិច្ចតំបន់ឡើងវិញ បន្ទាប់ពីវិបតិ្តជំងឺកូវីដ១៩បានបញ្ចប់ ។
ដោយមកពីបានរងផលប៉ះពាល់ពីការការពារនិយមនិងឯកោតភាគីនិយមរបស់អ្នកនយោបាយអាមេរិក ថែមទាំងមានការរីករាលដាលនៃជំងឺកូវីដ១៩ទៀត ដូច្នេះ សេដ្ឋកិច្ចពិភពលោកមានភាពថមថយចុះ ។ ក្នុងបរិបទបែបនេះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEPគឺមានន័យថា ទីផ្សារអាស៊ីបូព៌ាដែលមានភាពរស់រវើកខាងសេដ្ឋកិច្ចខ្លាំង និងមានសក្តានុពលកំណើនយ៉ាងខ្លាំង បដិសេធយ៉ាងមុតមាំទៅលើការការពានិយមផ្នែកពាណិជ្ជកម្មដែលបានផ្ទុយនឹងចរន្តអភិវឌ្ឍន៍ ប្រការនេះមានអំណោយផលដល់ការលើស្ទួយជំនឿចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ចសកល និងធ្វើឱ្យជំនឿចិត្តពហុភាគីនិយមមានភាពមុតមាំផងដែរ ។
ការអភិវឌ្ឍសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ គឺពិភពលោកទាំងមូលបានរួមបញ្ចូលជាមួយគ្នា ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEPដោយរលួនបានបញ្ជាក់ម្តងទៀតថា អ្វីដែលហៅថា “ការផ្តាច់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម”គឺមិនអាចទទួលបានការគាំទ្រជាដាច់ខាតនោះទេ ពហុភាគីនិយមនិងពាណិជ្ជកម្មសេរីទើបជាផ្លូវត្រឹមត្រូវ ៕
អ្នកបកប្រែ:Guo Xiangqing