ស្ទឹត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែងនិងក្រុមហ៊ុន (ហ៊ុនទី ខូអិលធីឌី)របស់ប្រទេសចិនបានចុះហត្ថលេខាលើអនុស្សរណៈ បើកការវិនិយោគលើផលដំណាំកសិកម្ម ជាពិសេសដំណាំ ស្វាយកែវរមៀត ស្វាយចន្ទី និង ដំឡូងមី។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងអាជ្ញាធរខេត្តស្ទឹងត្រែងនិងក្រុមហ៊ុន (ហ៊ុនទី ខូអិលធីឌី) នៅសាលាខេត្តកាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងមកនេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តមានប្រសាសន៍ថា នេះជាការពង្រីកកិច្ចសហប្រតិបត្តិការ វិនិយោគលើផលដំណាំកសិកម្មដោយក្រុមហ៊ុន(ហ៊ុនទីខូអិលធីឌី) និងបង្កើតឱ្យមានរោងចក្រកែច្នៃ ផលិតផល កសិកម្ម ដែលកសិករផលិតបាន ធ្វើជាផលិតផលសម្រេច។
ឯកឧត្តម មានប្រសាសន៍បន្តថា នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងក្របខណ្ឌអភិវឌ្ឍខេត្ត និងកម្មវិធីអភិវឌ្ឍមូលដ្ឋានរយៈពេល៥ឆ្នាំ ដែលខេត្តបានដាក់ចេញ ហើយនៅពេលខេត្តមានរោងចក្រកែច្នៃផលិតផល នឹងជំរុញឱ្យមានទីផ្សារលក់ផលិតផលកសិកម្ម ដែលកសិករផលិតបានដោយមិនមានការកកស្ទះទៀតឡើយ។
លោក Wang Antony ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន (ហ៊ុនទីខូអិលធីឌី)បានបញ្ចាក់ថា៖នេះជាការពង្រឹង ការទាក់ទងរវាងផ្នែករដ្ឋនិងវិស័យឯកជន ធ្វើកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ដែលមានការទទួលស្គាល់ពី រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្របពេលប្រទេសទាំងពីរ កំពុងមានទំនាក់ទំនងល្អលើគ្រប់វិស័យ។
លោក Wang Antony អះអាងថា៖កិច្ចការងារវិនិយោគបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសប្រជាជនកម្ពុជា ព្រោះក្រុមហ៊ុន (ហ៊ុនទីខូអិលធីឌី) ជាក្រុមហ៊ុនដែលធ្វើការវិនិយោគលើការកែច្នៃផលកសិកម្ម ឱ្យមានគុណភាព សុវត្តិភាព និងអនាម័យដើម្បីនាំយកទៅទីផ្សារនានារបស់ក្រុមហ៊ុន នៅតាមបណ្តាប្រទេសផ្សេងៗ ក្នុង ពិភពលោក។
សូមបញ្ជាក់ថា៖នេះជាលើកទីមួយហើយ ដែលខេត្តស្ទឹងត្រែងមានក្រុមហ៊ុនមកធ្វើការវិនិយោគលើផលដំណាំកសិកម្ម និងបង្កើតឱ្យមានរោងចក្រកែច្នៃផលិតផល ប្រយោជន៍បានជំរុញឱ្យមានទីផ្សារកសិផលនិង មានសេដ្ឋកិច្ចរីកចម្រើន៕