ពិព័រណ៍ចិន – អាស៊ានលើកទី ១៧ ធ្វើឡើងនៅខេត្តភាគខាងត្បូងនៃប្រទេសចិន

2020-11-27 16:17:46 |ប្រភព:xinhua

AKP ភ្នំពេញថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០​ – ពិព័រណ៍ចិន – អាស៊ានលើកទី ១៧ គ្រោងចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងណាននីង (Nanning) នៃតំបន់ស្វយ័ត Guangxi Zhuang នៅភាគខាងត្បូងនៃប្រទេសចិន ដែលនឹងរៀបចំនូវសកម្មភាពទាំងតាមប្រព័ន្ធអនឡាញ និងក្រៅប្រព័ន្ធ។

ពិពណ៌នេះមានប្រធានបទ «ការកសាងខ្សែក្រវ៉ាត់ និងផ្លូវ និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល និងវិស័យផ្សេងៗទៀត។

លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ជាមួយនឹងគម្រោងនៃពិធីតាំងពិព័រណ៍ដែលមានទំហំ ១០៤.០០០ម៉ែត្រក្រឡា ព្រឹត្តិការណ៍នៅឆ្នាំនេះនឹងបង្កើតស្តង់តាំងពិពណ៌ចំនួន ៥.៤០០ស្តង់។

លោក Gao បាននិយាយថា សហគ្រាសជាង ១.៥០០ មកពីក្នុង និងក្រៅប្រទេស នឹងចូលរួមក្នុងទម្រង់និម្មិត្តនៅក្នុងព្រឹត្តិការណ៍ដែលមានរយៈពេល ៤ថ្ងៃនេះ។

តំបន់តាំងពិព័រណ៍អន្តរជាតិមានស្តង់ចំនួន ២២៩ស្តង់ សម្រាប់អ្នកចូលរួមមកពី ២២ប្រទេស ដែលរួមមានប្រទេសប៉ាគីស្ថាន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ឥណ្ឌា អ៊ីរ៉ង់ បារាំង អ៊ីតាលី និងរុស្ស៊ីជាដើម។

ពិព័រណ៍នេះក៏នឹងរៀបចំវេទិកាថ្នាក់ខ្ពស់ចំនួន ១១ និងសកម្មភាពលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មជាង ១៦០សកម្មភាពផងដែរ។

ដោយត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០០៤ ពិព័រណ៍ប្រចាំឆ្នាំនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ជំរុញពាណិជ្ជកម្ម និងទំនាក់ទំនងទ្វេភាគីរវាងចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

(ប្រភព Xinhua បកប្រែដោយលោក យា ចិន្តាខន្តី)