រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា​អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលអំណោយ ពីស្ថានទូតចិនប្រចាំនៅកម្ពុជា

2020-11-27 16:19:23 |ប្រភព:柬埔寨国家广播电台

កាលពីរសៀលថ្ងៃអង្គារ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ អមដំណើរដោយ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួល ម៉ូតូ ចំនួន ២គ្រឿង ដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធ និងទប់ស្កាតការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលជាមិត្តដែកថែប សបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន កាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានបញ្ជាក់កាន់តែច្បាស់ អំពីដំណើរឈានទៅសម្រេចបានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

ឯកឧត្តម​ ម៉ម ប៊ុនហេង បានគូសបញ្ជាក់បន្ថែមថា កម្ពុជា-ចិន បាននិងកំពុងកាន់ដៃគ្នា ស្មាប្រកៀកស្មា ឈរយ៉ាងរឹងមាំ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបន្តនិរន្តរភាពសង្គមសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជា ពិភពលោកទាំងមូល។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម វ៉ាង វិនទៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏ដូចជារដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែឧបត្ថម្ភគាំទ្រកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល៕