ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ុន ទី បានចាប់ផ្តើមដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនហើយ បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអគ្គរដ្ឋបាលគយចិន បានចុះហត្ថលេខានៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០២០ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ។
បង្ហោះនៅលើគណនីហ្វេកប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី៣ខែធ្នូនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ បានឱ្យដឹងថាក្រោយពីបញ្ចប់នៃការសាងសង់ និងតម្លើងឧបករណ៍សម្លាប់សមាសភាពចង្រៃ(ពងរុយ)នៅក្នុងផ្លែស្វាយរួចរាល់មក ក្រុមហ៊ុនបានចាប់ផ្តើមដឹកជញ្ជូនស្វាយពីចម្ការមកសំអាតនិងវេចខ្ចប់ ដោយបានចាប់ផ្តើមបណ្តុះបណ្តាលកម្មករចំនួន ៧០នាក់ជាបឋម ដោយត្រូវប្រើប្រាស់រយៈពេលបីថ្ងៃ ដើម្បីដាក់បញ្ចូលទៅក្នុងមួយ Container ។
ក្រុមហ៊ុនមានក្តីសង្ឃឹមថា ក្រោយពីទទួលបានបទពិសោធន៍ពីការលាងសំអាត និងវិចខ្ចប់ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ នឹងជួយដល់ក្រុមហ៊ុនបង្កើនល្បឿននៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ ដែលជំហានដំបូងនេះ ក្រុមហ៊ុនបានសាកល្បងដឹកជញ្ជូនស្វាយស្រស់មួយ Container ដោយត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ហ៊ុនទី បានចាប់ផ្តើមបោះទុនវិនិយោគលើការអភិវឌ្ឍវិស័យកសិកម្ម ការលាងសម្អាត ការវេចខ្ចប់ ការបង្កើតឃ្លាំងស្តុកត្រជាក់ និងការនាំចេញ ផលិតផលកសិកម្មនៅកម្ពុជាកាលពីឆ្នាំ២០១៧កន្លងទៅ ៕